ស្តាប់អត្ថបទជាសម្លេង
កំពត៖ មេឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត គឺ លោក ថាវ វណ្ណារ៉េត បានឱ្យដឹងថា បច្ចុប្បន្នឃុំមានវិវាទដីធ្លីច្រើន មិនទាន់អាចដោះស្រាយដាច់ស្រេចនៅឡេីយទេ។ ជាក់ស្តែងករណីពលរដ្ឋចំនួន ៣៣គ្រួសារ ដែលធ្លាប់តវ៉ាមកជាច្រើនឆ្នាំរហូតយល់ព្រមលក់ដីទៅឱ្យក្រុមហ៊ុន និងទទួលបានប្រាក់ស្ទើរគ្រប់គ្នាទៅហើយនោះ ស្រាប់តែលេចមុខក្រុមពលរដ្ឋថ្មីមួយក្រុមទៀត បានទៅសង់លំនៅឋានពេញដីនោះទៅវិញ។ ការនេះអាជ្ញាធរស្នើដល់ថ្នាក់ដឹកនាំឱ្យជួយអន្តរាគមន៍វែកមុខអ្នកនៅពីក្រោយខ្នងដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកមេឃុំ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅលើដីទំនាស់នោះ ទើបតែមករស់នៅថ្មីៗ ក្នុងឆ្នាំ២០២០-២០២១ ហើយពេលដែលប្រជាពលរដ្ឋទាំងនោះបានទៅរស់នៅដំបូង អាជ្ញាធរ ឃុំ ភូមិ អភិបាលរងស្រុកឈូក បានចុះទៅហាមឃាត់ដើម្បីកុំឱ្យមានការដាំដុះដំណាំ ឬសាងសង់លំនៅឋាន ព្រោះដីនេះជាដីរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ប្រជាពលរដ្ឋចំណូលថ្មីទាំង ៣៣គ្រួសារនោះ បានសាងសង់លំនៅឋាន ឬខ្ទមជាច្រើនលើដីនោះនៅពេលយប់ ទោះអាជ្ញាធរចុះទៅហាមជាច្រើនលើកច្រើនសារក៏មិនព្រមស្តាប់។
ចំពោះករណីនេះ លោកមេឃុំបានធ្វេីការសន្និដ្ឋានថា ពលរដ្ឋចំណូលថ្មីចេះតែលេចមុខ ហើយហ៊ានសាងសង់ផ្ទះ ឬខ្ទមជាច្រើនបានយ៉ាងរហ័សបែបនេះ ប្រាកដជាមានអ្នកនៅពីខាងក្រោយខ្នងរង់ចាំជួយឧបត្ថម ឬញុះញង់ដើម្បីផលប្រយោជន៍ និងបានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាទាំងនេះ ពិសេសវែកមុខរកអ្នកនៅពីក្រោយខ្នងដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។
ចំណែកអនុប្រធានភូមិព្រៃពាយ លោក ទេព ឆុំ បានឱ្យដឹងដែរថា បញ្ហាដីធ្លីនៅក្នុងភូមិមាន៦កន្លែងធំៗ ហើយមូលហេតុទំនាស់កើតឡើងភាគច្រើន ដោយសារប្រជាពលរដ្ឋនៅក្រៅឃុំ មកដណ្តើមដីរបស់អ្នកភូមិ ទោះបីពេលកន្លងមកអាជ្ញាធរបានចុះហាមឃាត់ និងពន្យល់ថា ដីនេះជាដីរបស់ប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ដែលលក់ឱ្យក្រុមហ៊ុនហេីយក៏ដោយ ក៏ប្រជាពលរដ្ឋទាំងនោះមិនស្តាប់ថែមទាំងចោទប្រកាន់អាជ្ញាធរ និងថ្នាក់ដឹកនាំថា បានឃុបឃិតនឹងក្រុមហ៊ុនថែមទៀតផង។
ជាមួយគ្នានេះតំណាងក្រុមហ៊ុនទិញដីពីពលរដ្ឋទាំង ៣៣គ្រួសារ លោក អ៊ីម សំអឿន បានលើកឡើងថា នៅចុងឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើការឈូសឆាយដីបាន ៦០ភាគរយ នៅលើដីចំនួន ១៦៤ហិកតា រហូតមកដល់ឆ្នាំ២០២០ លោកបានចុះមកធ្វើម្តងទៀត មិនទាន់ឃើញមានប្រជាពលរដ្ឋណាមករស់នៅនោះទេ ទើបតែដើមឆ្នាំ២០២១ លោកឃើញមានអ្នកទៅលួចធ្វើផ្ទះនៅពេលយប់ទោះយ៉ាងនេះក៏ដោយ តំណាងប្រជាពលរដ្ឋ ៣៣គ្រួសារ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត លោក ខ្លូត រំដួល បានឱ្យដឹងថា ពួកគាត់មានដី ចំនួន ១៦៤ហិកតា ស្ថិតនៅចំណុចក្បាលខ្លាតូច។ ពួកគាត់បានកាន់កាប់ និងអាស្រ័យផលនៅឆ្នាំ២០១៤ ហើយដល់ឆ្នាំ២០១៦ បានលក់ទៅឱ្យក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ទីតាំងនោះ។ ក្រោយពេលដែលពលរដ្ឋទាំង ៣៣គ្រួសារបានលក់ដីឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុនបានធ្វើការឈូសឆាយដីរួចរាល់ ស្រាប់តែមានប្រជាពលរដ្ឋមួយក្រុមបានមកលួចដាំដំណាំ និងធ្វើផ្ទះនៅលើដីនោះ ហើយការដាំដំណាំ និងសាងសង់ផ្ទះនោះធ្វើឡើងនៅពេលយប់ ហើយនាំគ្នាអះអាងថាជាដីរបស់ពួកគេទៅវិញ៕
អត្ថបទ និងរូបភាពដោយះ Puthi News