30 C
Phnom Penh
Saturday, July 27, 2024

មូលហេតុដែលនាំឲ្យអីស្រាអែលបិទទូរទស្សន៍ Al Jazeera

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃទី៥ខែឧសភាថា រដ្ឋាភិបាល បានសម្រេចជាឯកច្ឆន្ទបិទបណ្តាញទូរទស្សន៍ Al Jazeera មានមូលដ្ឋាននៅប្រទេសកាតា ដែលមានការិយាល័យប្រតិបត្តិការក្នុងតំបន់ហ្កាហ្សា។បណ្តាញទូរទស្សន៍ Al Jazeera លែង ផ្សាយក្នុងប្រទេសអ៊ីស្រាអែល ក្រោយពីការប្រកាសនោះ បានថ្កោលទោសចំណាត់ការរបស់អ៊ីស្រាអែលថា ជា«អំពើឧក្រិដ្ឋ»។ ការ ពិត ៥យ៉ាង អំពីប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ខ្នាតធំ ដែលរដ្ឋបាលរបស់លោក Netanyahu មានជម្លោះជាយូរមកហើយ គឺចាប់ផ្តើមតាំងពីមុនសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស់ទៅទៀត។ Al Jazeera ត្រូវបានសម្ពោធក្នុងទីក្រុង Doha នៅឆ្នាំ១៩៩៦ដោយក្រឹត្យមួយ ចេញដោយអតីតព្រះចៅSheikh Hamad bin Khalifa al-Thaniនៃប្រទេសកាតា ដោយបញ្ជាក់ថា ប៉ុស្តិ៍ទូរទស្សន៍នេះ គួរតែ «មានឯករាជ្យទាំងស្រុងពីឥទ្ធិពលនានា» ក្រឹត្យនោះក៏ផ្តល់កម្ចីរដ្ឋាភិបាល ១៥០លានដុល្លារ សម្រាប់ «បង្កើតនិងទូទាត់ចំណាយប្រតិបត្តិការរយៈពេល ៥ឆ្នាំ»។ទោះជាបណ្តាញផ្សព្វផ្សាយ Al Jazeeraជាក្រុមហ៊ុនឯកជនក៏ដោយ ក៏បណ្តាញផ្សព្វផ្សាយនេះនៅតែរក្សាមូលនិធិខ្លះរបស់រដ្ឋាភិបាលកាតា ដែលក្រុមអ្នករិះគន់ជារឿយៗលើកឡើង នៅពេលគេចោទសួរអំពីឯករាជ្យភាពខាងខ្លឹមសារពីរដ្ឋាភិបាលក្រុងដូហា។ ប៉ុស្តិ៍ទូរទស្សន៍ដំណើរការក្នុងប្រទេសចំនួន៩៥ ដោយមានការិយាល័យចំនួន៧០ និងបុគ្គលិក ៣ពាន់នាក់ មានទស្សនិកជនទូទាំងសកលលោកចំនួន ៤៣០លានខ្នងផ្ទះ។ ទូរទស្សន៍ Al Jazeera ដំបូងឡើយផ្សាយព័ត៌មានជាភាសាអារ៉ាប់ ក៏មានផ្សាយជាភាសាអង់គ្លេស នៅឆ្នាំ២០០៦។ពេលរលក នៃការបះបោរដ៏មានប្រជាប្រិយភាពបានបោកបក់នៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នៅឆ្នាំ២០១១ AI Jazeera ត្រូវបានគេមើលឃើញថា ជាអ្នកធ្វើឲ្យមានការកែប្រែសាធារណមតិដ៏សំខាន់ព្រោះទូរទស្សន៍នេះផ្តល់ម៉ោងផ្សាយដល់ក្រុមប្រឆាំង ជាពិសេស គឺក្រុមMuslim Brotherhood។ បណ្តាញទូរទស្សន៍នេះ ក៏បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ថា ខ្លួនលម្អៀងក្នុងសេចក្តីរាយការណ៍ព័ត៌មាន។ នៅឆ្នាំ២០១៧ប្រទេសជិតខាងកាតា ដែលដឹកនាំដោយ
ប្រទេសអារ៉ាប៊ី សាអូឌីត បានដាក់របាំងសេដ្ឋកិច្ច និងការទូត ៣ឆ្នាំ លើព្រះរាជាណាចក្រកាតា។ ដោយទាមទារឲ្យកាតា ផ្កាច់ទំនាក់ទំនងជាមួយក្រុមMuslim Brotherhood និងក្រុមហាម៉ាស់ដែលជាបងប្អូនគ្នា និងទម្លាក់កម្រិតទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ប្រទេសដែលធ្វើពហិការប្រឆាំងកាតា ក៏បានអំពាវនាវឲ្យបិទ Al Jazeera និងបណ្តាញផ្សព្វផ្សាយទាំងអស់របស់ស្ថាប័នសារព័ត៌មាននេះ។Al Jazeera បានហៅសម្ពាធនេះថា ជាការប៉ុនប៉ង «បំបិទសេរីភាពបញ្ចេញមតិ»។តាំងពីសង្គ្រាមនៅហ្កាហ្សាចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា Al Jazeera ផ្សាយសេចក្តីរាយការណ៍នៅតាំងផ្ទាល់ជាហូរហែរ អំពីយុទ្ធនាការរបស់អ៊ីស្រាអែល និងផលប៉ះពាល់នៃយុទ្ធនាការនោះ។ សេចក្តីរាយការណ៍របស់Al Jazeera ស្ថិតក្នុងចំណោមព័ត៌មានដែលគេមើលច្រើនជាងគេ នៅមជ្ឈិមបូព៌ាក្នុងពេលដែលលែងមានការទុកចិត្តលើសេចក្តីរាយការណ៍ព័ត៌មាន របស់ប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសកាន់តែច្រើនឡើង។ នៅខែមេសា លោក Netanyahu បានហៅAl Jazeeraថា ជា«ប៉ុស្តិ៍ភេរវជន» ដោយនិយាយថា លោកនឹង«ចាត់វិធានការភ្លាម»ដើម្បីផ្អាកសកម្មភាពរបស់ស្ថាប័ននោះក្រោយពីមានការអនុម័តច្បាប់ថ្មីមួយ។ ស្ថាប័នសារព័ត៌មាននេះ បានហៅបម្រាមដែលគេស្នើឡើងនោះថាជា«ផ្នែកមួយនៃការវាយប្រហារជាប្រព័ន្ធរបស់អ៊ីស្រាអែល ដើម្បីបំបិទសំឡេង Al Jazeera»។ Al Jazeeraថា ការណ៍នេះរួមទាំងការសម្លាប់អ្នកស្រីShireen Abu Akleh អ្នកកាសែតដ៏លេចធ្លោជាងគេមួយក្នុងតំបន់មជ្ឈិមបូព៌ា ដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាន អំពីការវាយលុករបស់អ៊ីស្រាអែល ក្នុងតំបន់ត្រួតត្រាWest Bank នៅខែឧសភា ឆ្នាំ២០២២។ការិយាល័យរបស់ Al Jazeera ក្នុងដែនដីហ្កាហ្សារបស់ប៉ាឡេស្ទីន
ត្រូវបានវាយប្រហារដោយគ្រាប់បែក ហើយអ្នកឆ្លើយឆ្លងព័ត៌មាន ២នាក់បានស្លាប់។ នៅខែមករា អ៊ីស្រាអែលថា អ្នកកាសែតម្នាក់ជាបុគ្គលិក Al Jazeera និងអ្នកកាសែតឯករាជ្យម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងតំបន់ហ្កាហ្សា គឺជា «ប្រតិបត្តិករភេរវកម្ម»។ នៅខែបន្ទាប់ អ៊ីស្រាអែលបានចោទអ្នកកាសែតម្នាក់ទៀតធ្វើការឲ្យស្ថាប័ន Al Jazeera ដែលរងរបួសក្នុងការវាយប្រហារមួយផ្សេងទៀតថា ជា«មេបញ្ជាការរង» ខាង ក្រុមហាម៉ាស់។ Al Jazeera បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល ហើយ បានចោទអីស្រាអែលថា បានតម្រង់គោលដៅជាប្រព័ន្ធលើបុគ្គលិក Al Jazeera ក្នុង តំបន់ហ្កាហ្សា។ ប្រធានការិយាល័យ Al Jazeera ក្នុងតំបន់ហ្កាហ្សា លោក Wael al-Dahdouh បានរងរបួសក្នុងការវាយប្រហារមួយរបស់អ៊ីស្រាអែល នៅខែធ្នូដែលបានសម្លាប់អ្នកថតវីដេអូម្នាក់របស់ Al Jazeera។ ភរិយារបស់លោក និងកូន ២ នាក់ ព្រមទាំងចៅប្រុសម្នាក់ទៀត ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅខែតុលាលើជំរំជនភៀសខ្លួន Nuseirat នៅចំកណ្តាលក្រុងហ្កាហ្សា។ កូនប្រុសច្បងរបស់លោកគឺជាអ្នកកាសែត Al Jazeera ដែលត្រូវបានសម្លាប់នៅខែមករា ពេលដែលការវាយប្រហារមួយបានតម្រង់គោលដៅលើរថយន្តមួយគ្រឿងក្នុងទីក្រុង Rafah៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img