30 C
Phnom Penh
Saturday, July 27, 2024

មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ផ្តល់ជំនួយជាសម្ភារបរិក្ខារវេជ្ជសាស្រ្តជាច្រើនបន្ថែមទៀត មកដល់កម្ពុជា តាមរយៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖  ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃអង្គការសង្គមស៊ីវិល និងមិត្តភាព  រវាងប្រជាជន កម្ពុជា  និងប្រជាជនចិន  ក៏ដូចជាចូលរួម ចំណែក   ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា មូលនិធិចិន ដើម្បី សន្តិភាព  និងការអភិវឌ្ឍ  (China Foundation for Peace and Development-CFPD) បាន ផ្តល់ ជំនួយ  សម្ភារបរិក្ខារវេជ្ជសាស្រ្ត  ជូនវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)    ស្មើនឹងទឹកប្រាក់  ១៩៦.៦១៦យ័ន(ប្រមាណ ៣០.៤៣៥ ដុល្លារ)

ពិធីប្រគល់-ទទួល  ជំនួយ  សម្ភារបរិក្ខារវេជ្ជសាស្រ្ត  ដែលបានធ្វើឡើង តាមរយៈប្រព័ន្ធអនឡាញ  នៅព្រឹកថ្ងៃទី០៤  ខែកញ្ញា  ឆ្នាំ២០២១ ក្នុងនោះរួមមាន  ម៉ាសវេជ្ជសាស្រ្តចំនួន២០០.០០០សន្លឹក  តេស្តរហ័ស SARS-COV-2 ម៉ាក Novel ចំនួន ៥.០០០តេស្ត  ឈុតអាវពេទ្យ ការពារមេរោគចំនួន៥.០០០ឈុត  ថ្នាំគ្រាប់ Lianhua Qingwen  ចំនួន២.៤០០ប្រអប់។

ជំនួយទាំងអស់នេះ  ដើម្បីចូលរួមចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩  ហើយ វេទិកាសម្ព័ន្ធសង្គមស៊ីវិល  វ.ស.ស  នឹងចាប់ផ្តើម យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ នៅទូទាំង២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃទី០៦ ខែកញ្ញា  ដោយសហការជាមួយ កងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងអង្គការ ដៃគូ  របស់ វ.ស.ស. ដែលនឹងធ្វើការបាញ់ ថ្នាំ សម្លាប់ មេរោគនៅទីតាំងសាធារណៈសំខាន់ៗ ដែលកំណត់ ដោយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ។

លោក  កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលCSAF បានវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់ដួងចិត្តរវាងប្រជាជន  និងប្រជាជនប្រទេសចិន  និងប្រទេសកម្ពុជា និងការពង្រឹង  ពង្រីកនូវទំនាក់ទំនងជាមេត្រីភាពមិត្តភាព  និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។  ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ CFPDបានប្រកៀកស្មារជាប់ជានិច្ចជាមួយCSAF  ក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដនៅកម្ពុជាតាមរយៈការកៀងគរនូវទឹកចិត្តសប្បុរសធម៌ពីប្រជាជនចិនដើម្បីទិញសម្ភារបរិក្ខារវេជ្ជសាស្រ្តនានាជូនដល់ប្រជាជន  និងសង្គមស៊ីវិលនានានៅកម្ពុជាតាមរយៈCSAF។ នៅថ្ងៃនេះជាជំនួយលើកទី៣របស់CFPD  ជូនដល់CSAF ។ 

សូមបញ្ជាក់ថា  កាលពីខែមេសា ឆ្នាំ២០២០ មូលនិធិ  CFPD បានផ្តល់ ជំនួយដល់ វ.ស.ស. រួមមាន ម៉ាសវេជ្ជសាស្រ្តចំនួន ១៥០.០០០សន្លឹក ម៉ាស3D ចំនួន៥០.០០០សន្លឹក អាវពេទ្យចំនួន៧.៩៤០ឈុត និង ថ្នាំពេទ្យចិន ចំនួន៨៤០ប្រអប់ ព្រមទាំងបានសម្របសម្រួល ឱ្យក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិនចំនួន ១០រូប មកពី អង្គការ សង្គ្រោះ  មេឃ  ពណ៌ខៀវ (Blue Sky Rescue Organization–BSR) មកបំពេញបេសកកម្មការងារ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅកម្ពុជា សំដៅចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ 

ទន្ទឹមនឹងនេះក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិនបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគបានចំនួន ៥០ទីតាំង គិតជាផ្ទៃក្រឡាប្រមាណជិត ១,៦លានម៉ែត្រការ៉េ ដែលស្ថិតនៅរាជធានី ខេត្ត គោលដៅចំនួន១០  ដែលបានកំណត់ដោយក្រសួងសុខាភិបាល រួមមាន រាជធានីភ្នំពេញ ខេត្ត កណ្តាល តាកែវ ព្រះសីហនុ កំពង់ឆ្នាំង សៀមរាប ព្រះវិហារ  កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ។ ក្រៅពី នេះ អង្គការ BSR ក៏បាននាំយកនូវជំនួយផ្តល់ដល់  វ.ស.ស. រួមមាន ម៉ាស៊ីនបំភាយឧស្ម័នចំនួន២០០គ្រឿង សម្លៀកបំពាក់ មិនមែន សម្រាប់វិស័យវេជ្ជសាស្រ្តម៉ាក  Tychem ចំនួន៩០០ឈុត និងម៉ាសវេជ្ជសាស្រ្តចំនួន២៨០ ០០០សន្លឹក ដែល គិតជាទឹកប្រាក់ប្រមាណ១ ២ ៨៨ ០០០យ័ន(ប្រមាណ១៨១ ៦១០ ដុល្លារ) ។ 

ជាងនេះទៀត កាលពី ខែឧសភា ឆ្នាំ២០២១ វ.ស.ស. ក៏បានទទួលជំនួយជា ម៉ាស៊ីនបន្សុទ្ធខ្យល់ម៉ាក W603 ចំនួន ១០គ្រឿង  ដែលមានតម្លៃសរុប ១០០លានរៀល ពីមូលនិធិ  CFPD សម្រាប់ ផ្តល់ ជូនមន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតផងដែរ។

ក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងសង្គមស៊ីវិល វ.ស.ស. តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការកៀរគរ ជំនួយ ពីអង្គការសង្គមស៊ីវិលជាតិ  និងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ក៏ដូចជាលើកកម្ពស់ជីវភាព   និងសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img