29 C
Phnom Penh
Saturday, December 14, 2024

មុនចូលទីតាំងផ្សារ និងទីតាំងអាជីវកម្មនានា ក្នុងរាជធានីភ្នំពេញ ត្រូវមានកាតព្វកិច្ចបង្ហាញកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ ៖ ទាំងអាជីវករ និងអតិថិជន បានបង្ហាញការគាំទ្រ និងពេញចិត្ត ចំពោះកាតព្វកិច្ចបង្ហាញកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ មុនពេលចូលផ្សារ និងទីតាំងអាជីវកម្មនានា ក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែង លោក ទី ជាអាជីវករលក់សម្លៀកបំពាក់ រយៈពេលជាង១០ឆ្នាំមកហើយ នៅផ្សារអូឡាំពិក បានលើកឡើងថា “ខ្ញុំយល់ឃើញថា គាត់ធ្វើចឹងវាល្អណាស់ វាមានភាពកក់ក្តៅ ដូចថា បានចាក់ថ្នាំ២ដង ៣ដងអីចឹង ដែលវាជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ការរាលដាលបន្ថែម នៃជំងឺកូវីដ-១៩”។

ដូចគ្នានោះដែរ កញ្ញា សៀវ សៀង ជាអាជីវករលក់សម្លៀកបំពាក់ម្នាក់ទៀត នៅផ្សារអូឡាំពិក បានលើកឡើងថា “ខ្ញុំយល់ថាល្អ ពេលយើងបង្ហាញកាតទៅ គឺបញ្ជាក់ថា បានចាក់វ៉ាក់សាំង វាកាត់បន្ថយការឆ្លងអីចឹង ហើយប្រសិនបើឆ្លងក៏ស្រាលដែរ”។ កញ្ញាបន្ថែមថា “ខ្ញុំមានអារម្មណ៍កក់ក្តៅច្រើន ព្រោះថាប្រជាជនបានចាក់វ៉ាក់សាំងច្រើន”។

ជាមួយគ្នានោះ លោក ទ្រី ឌីណា ជាអតិថិជន ដើរទិញសម្ភារៈនៅផ្សារអូឡាំពិក បានលើកឡើងថា “ខ្ញុំសប្បាយចិត្តដែរ ព្រោះថាដើម្បីការពារសុខភាពទាំងអស់គ្នា ខ្ញុំបានចាក់វ៉ាក់សាំង៣ដូសហើយ សូមបងប្អូនចូលរួមគោរពតាមការណែនាំទាំងអស់គ្នា”។
អ្នកស្រី ណុប សុភី ជាអតិថិជន ចូលផ្សារអូឡាំពិក ក៏បានបង្ហាញការសប្បាយចិត្តផងដែរ ចំពោះវិធានការនេះ។ អ្នកស្រីលើកឡើងថា “ខ្ញុំអរគុណបងៗ សន្តិសុខ ដែលត្រួតពិនិត្យកាតចាក់វ៉ាក់សាំង និងបាញ់អាកុល ពិនិត្យកំដៅ ដើម្បីការពារការឆ្លងជំងឺនេះតទៅទៀត”។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូឡាំពិក បានប្រាប់ ពុទ្ធិញូវ ថា មុនអនុញ្ញាតឲ្យចូលក្នុងផ្សារ ទាំងអាជីវករ និងអតិថិជន ត្រូវបង្ហាញកាតចាក់វ៉ាក់សាំង។ លោកលើកឡើងថា “មានអ្នកមួយចំនួន ដែលមិនបានយកកាតមកជាមួយ លើកទី១ គណៈកម្មការផ្សារ ធ្វើការណែនាំ និងអនុញ្ញាតឱ្យចូល ប៉ុន្តែប្រសិនបើមិនបានយកមកជាលើកទី២ គឺមិនអនុញ្ញាតឱ្យចូលក្នុងផ្សារនោះទេ”។

ជាមួយគ្នានោះដែរ លោកប្រធានគណៈកម្មការផ្សារអូឡាំពិក ក៏បានអំពាវនាវ ដល់អាជីវករ និងអតិថិជនទាំងអស់ សូមបង្ហាញកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្លាំងសណ្តាប់ធ្នាប់ផ្សារ នៅតាមច្រកឱ្យបានគ្រប់ៗគ្នា។ លោកថា ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ និងបញ្ជៀសហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩។ ឆ្លងកាត់តាមការអនុវត្តជិត១សប្តាហ៍កន្លងមកនេះ, លោក ឡយ ស៊ាងអាង បានបញ្ជាក់ថា ទាំងអាជីវករលក់ដូរក្នុងផ្សារ និងអតិថិជន បានចូលរួមអនុវត្តកាតព្វកិច្ច បង្ហាញកាតវ៉ាក់សាំងនេះបានច្រើន។

សូមរំលឹកថា កាលពីថ្ងៃទី0៥ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនថា ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិត បញ្ជាក់ការចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img