ភ្នំពេញ៖ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩), ប្រធានអនុគណកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណ: និងជាអ្នកនាំពាក្យនៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្លែងថាការរៀនរស់នៅ ជាមួយនឹងការបន្តកិច្ចការពារការចម្លងរោគ ជាប្រធានបទសម្រាប់យើងយកទៅគិត និងរៀបចំខ្លួន ដោយត្រៀមលក្ខណ: ទុកជាមុន ជាមួយនឹងការវាយតម្លៃហានិភ័យ បន្ធូរបន្ថយវិធានការ និងជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន ប្រជាជនជាច្រើនទទួលបានវ៉ាក់សាំង និងបានគ្រប់ប្រទេសផងដែរ។ក្នុងដំណើរការ និងការទទួលស្គាល់នូវបណ្ណបញ្ជាក់ចាក់វ៉ាក់សាំងក្នុងបណ្តាប្រទេសអាស៊ាន ក៏ជាចំណុចលើកឡើងសម្រាប់ការយល់ដឹង ផងដែរ។ ការសាមគ្គីភាពក្នុងប្រទេស ក្នុងតំបន់ និងលើសកលលោក ជាមួយនឹងកិច្ចសហប្រតិបត្តិការបែបពហុវិស័យ ជាជំហានដែលយើងគួរតែបោះទៅមុខ ដោយមិនត្រូវមានការបែងចែក ពិភពលោក មានការរើសអើង រួមទាំងវ៉ាក់សាំងផងដែរ។ កិច្ចសហការជាមួយដៃគូរ ដូចជាអង្គការសុខភាពពិភពលោក និងអង្គការផ្សេងៗ ជាតម្រូវការរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមក វះកាត់ និងឆ្លងកាត់ចេញពីប្រអប់កូវីដ-១៩ ទាំងអស់គ្នា សំដៅឆ្ពោះទៅ វត្ថុបំណង របស់យើងទាំងអស់គ្នា គឺ “សហការដើម្បីសុខភាព និងក្តីរីករាយកាន់តែប្រសើរឡើងនៅលើសកលលោកក្រោយពីការរាតត្បាតជំងឺ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បែបនេះ ក្នុងឱកាសតំណាងសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសម្រាប់អាស៊ានឌីជីថលសុខភាពសាធារណៈ ក្រោមប្រធានបទ «សហការដើម្បីសុខភាព និងក្តីរីករាយកាន់តែប្រសើរឡើងនៅលើសកលលោកក្រោយពីការរាតត្បាតជំងឺ»ពីថ្ងៃទី៦ ដល់ទី៧ ខែតុលា ឆ្នាំ២០២១ ប្រារព្វធ្វើឡើងនៅនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ។
លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន ត្រូវបានជ្រើសរើសធ្វើជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនជាច្រើនទៀត នៅក្នុងរបៀបវារ: ពិភាក្សាជជែកវែកញែកអំពីបទពិសោធន៍ និងផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ច ព្រមទាំងបញ្ហាប្រឈមដែលជួបប្រទះក្នុងកំឡុងពេលអន្តរាគមន៍ឆ្លើយតបទៅនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេស។
ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន បានបញ្ជាក់ពីសារៈសំខាន់បំផុតដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង ចំទិសដៅ រហ័សរហួន និងវៃឆ្លាត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្លេីយតប ដាក់ចេញវិធានការបត់បែន សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសលោកស្រី បានលើកបង្ហាញពីភាពជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស និងលទ្ធផលសម្រេចបានលើកិច្ចការដ៏សំខាន់នេះ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការគ្រប់គ្រងការងារ និងទិន្នន័យតាមប្រព័ន្ធឌីជីថល ក៏ត្រូវបានលើកឡើងជាបែបបទពិសោធន៍មួយផ្នែករបស់កម្ពុជា ទន្ទឹមនឹងការបញ្ជាក់របស់លោកស្រីជូនអង្គប្រជុំដែរថា ការដឹកនាំខ្លាំង និងដាក់ចេញយន្តការត្រឹមត្រូវ ព្រមទាំងការវិនិយោគលើវិស័យសុខភាពសាធារណ:នេះ និងការពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសសមាជិក អាស៊ាន មិនត្រូវមើលលរំលងឡើយនៅក្នុងផែនការត្រៀមលក្ខណ: តទៅមុខទៀត សម្រាប់ឆ្លើយតបការរាតត្បាតនាពេលខាងមុខ ហើយយើងត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទដែលវីរុសកូវីដ-១៩ វិវត្តន៍បម្លែងខ្លួន ដោយយើងមិនអាចនឹងសម្លាប់បានអស់នោះឡើយដោយយើងមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩ ហើយយើងត្រូវត្រួតត្រាកូវីដ-១៩ ជាជាងទុកឱ្យកូវីដ-១៩ ត្រួតត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ គោលបំណងនៃកិច្ចប្រជុំ គឺពិភាក្សាអំពីប្រធានបទផុសចេញពីឈុតឆាកនានានៅពីក្រោយការរាតត្បាតជំងឺ និងមេរៀនបទពិសោធន៍កើតចេញពីការរាតត្បាតជំងឺកូវីដ-១៩ សំដៅឆ្ពោះទៅការវិនិយោគ និងផ្តល់ហិញ្ញវត្ថុ ព្រមទាំងបង្កើនការយល់ដឹង និងរួមកិច្ចសហការសម្រាប់សុខភាពសាធារណ:៕
អត្ថបទ និងរូបភាពដោយ៖ Puthinews