30 C
Phnom Penh
Saturday, July 27, 2024

មន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅតែមានតម្រូវការប្រើប្រាស់ឈាមកម្រិតខ្ពស់ ខណៈអ្នកជំងឺត្រូវការបញ្ចូលឈាម មានការកើនឡើង

កោះកុង៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងថា មន្ទីរពេទ្យបង្អែកខេត្ត មានតម្រូវការប្រើប្រាស់ឈាមប្រមាណ១៥ ទៅ២០ប្លោកក្នុងមួយខែ ដែលចំនួនប្រើប្រាស់នេះមិនសមមាត្រទៅនឹង ការបរិច្ចាគរបស់សប្បុរសជននោះទេ ហេតុដូចនេះដើម្បីឆ្លើយតប និងការជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យបានទាន់ពេលវេលា ជាគោលការណ៍ គឺតម្រូវឱ្យសាច់ញាតិ ឬមិត្តភក្តិអ្នកជំងឺ បរិច្ចាគឈាម ប្រសិនបើអ្នកជំងឺត្រូវការបញ្ចូលឈាម។

គ្រាដែលនៅក្នុងមន្ទីរពេទ្យខេត្ត កំពុងមានតម្រូវការឈាមច្រើនសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងបាត់បង់ឈាម ដោយសារមូលហេតុផ្សេងៗ មានដូចជា គ្រោះថ្នាក់ចរាចរណ៍ អ្នកដែលត្រូវវះកាត់ធ្ងន់ធ្ងរ ស្ត្រីកំពុងសម្រាលកូន និងអ្នកជំងឺផ្សេងៗជាច្រើនទៀត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ផ្តើមធ្វើចលនាបំផុសផ្នត់គំនិតប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ឱ្យចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតមនុស្សទូទៅ ដែលកន្លងមកអ្នកធ្លាប់បានបរិច្ចាគឈាមពួកគាត់ តែងនិយាយថា ការបរិច្ចាគឈាមគឺជាគុណធម៌ដ៏មានតម្លៃពីអាចកាត់ថ្លៃបាន ព្រោះថាសកម្មនេះគឺជាទឹកចិត្តមនុស្សធម៌ធំធេងណាស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស បើនិយាយតាមធម៌ព្រះពុទ្ធវិញ ការបរិច្ចាគឈាមនេះគឺជាសទ្ធាដ៏ថ្លៃថ្លាបំផុត និងទទួលបាននូវបុណ្យកុសលយ៉ាងលើសលប់ ហើយឈាមរបស់សប្បុរសជនទាំងនោះ នឹងក្លាយជាឱសថទិព្វ សំរាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងបាត់បង់ឈាម។

ស្របពេលដែលមានក្រុមការងារ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ចុះបើកយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត លោកស្រី ឈី វ៉ា អនុប្រធាន ស.ស.យ.ក តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានស.ស.យ.ក ចេត្តកោះកុង បានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្រ ដោយពុំមានការបង្ខិតបង្ខំ និងសូមកុំភ័យខ្លាចឡើយ ព្រោះថា ការបរិច្ចាគឈាមនេះ ពោលគឺយើង បានរួមចំណែកដល់ការជួយជីវិតរបស់មនុស្ស គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

លោកស្រីបន្តថា តាមរយៈការបរិច្ចាគឈាមនេះផងដែរ ពិតណាស់វាគឺជាការបង្ហាញពីទឹកចិត្តដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ ចេះជួយគ្នាទៅវិញទៅមករបស់ប្រជាជនកម្ពុជា ដែលជាវប្បធម៌ដ៏ល្អប្រពៃ តាំងពីបុរាណកាលមក។

លោកស្រី ឈី វ៉ា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះតទៅ និងមិនមានប្រជាជនកម្ពុជា ណាម្នាក់ស្លាប់ដោយសារខ្វះឈាមទៀតឡើយ ស្របតាមទិសស្លោក មានឈាម មានជីវិត។ បរិច្ចាគឈាម គឺសង្គ្រោះជីវិត។ បើមានជីវិតរស់នៅជាមួយគ្នាហើយ គឺត្រូវផ្តល់ឈាម។

បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងថា ការបរិច្ចាគឈាម មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគឡើយ ខណ:មុនពេលបរិច្ចាគ អ្នកស្ម័គចិត្ត គឺសុទ្ធតែទទួលបាន ការពិនិត្យសុខភាពយ៉ាងត្រឹមត្រូវបំផុត ហើយប្រសិនបើគ្រូពេទ្យពិនិត្យឃើញថា អ្នកស្ម័គ្រចិត្តបរិច្ចាគ មានសុខភាពមិនបរិបូរទេនោះ នោះគ្រូពេទ្យនឹងមិនអនុញ្ញាតឱ្យធ្វើការបរិច្ចាគឡើយ ការអះអាងរបស់ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បែបនេះធ្វើឡើងក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅសាលាស្រុកបុទុមសាគរ កាលពីពេលថ្មីនេះ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានពន្យល់ប្រាប់ទៀតថា រាល់ឈាមដែលបានមកពីអ្នកបរិច្ចាគ មិនមែនសុទ្ធតែមានសុវត្ថិភាព ប្រើប្រាស់បានទាំងអស់នោះទេ ជាទូទៅក្នុងចំណោមឈាមដែលបានមក១០ប្លោក មានសុវត្ថិភាពប្រើប្រាស់បានតែ៨ ទៅ៩ ប្លោកតែប៉ុណ្ណោះ ហេតុដូចនេះ សម្រាប់ខេត្តកោះកុង តម្រូវការឈាមមានការខ្វះខាតនៅឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img