26 C
Phnom Penh
Saturday, July 27, 2024

មន្ទីរជំនាញចុះយកសំណាកនៅតាមវត្តនានា ក្នុងក្រុងបាត់ដំបង ដើម្បីជម្រះមន្ទិលសង្ស័យអំពីជំងឺកូវីដ១៩ រកឃើញវិជ្ជមាន ២អង្គ/នាក់

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង: ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលក្រុងបាត់ដំបង បានចុះយកសំណាក ព្រះសង្ឃ និងតាជី ដូនជី នៅវត្តចំនួន៣ ក្នុងក្រុងបាត់ដំបង មានវត្តកល្យាណីត្នោតជុំ វត្តស៊ិនជឹម ហៅវត្តស្រែ១០០ និងវត្តសុវណ្ណបារមីស្រីធិតារាម ហៅវត្តស្លាកែត ។

ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានបញ្ជាក់ថា ទោះបីជា មានការបិទពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងហេតុផលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ១៩ ក៏ពិតមែន តែជាលក្ខណៈគ្រួសារតូចៗ ក៏គង់តែមានការប្រាស្រ័យទាក់ទងជាអន្លើៗដែរ ហើយដើម្បីធានាសុវត្ថិភាពទាំងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដែលមកកាន់ទីអារាមជាលក្ខណៈគ្រួសារនេះ គឺមន្ត្រីជំនាញសហការជាមួយរដ្ឋបាលក្រុងបាត់ដំបង ចុះយកសំណាក ដើម្បីជម្រះមន្ទិលសង្ស័យទាំងឡាយលើបញ្ហាជំងឺកូវីដ១៩ ចំពោះព្រះសង្ឃ តាជី ដូនជី នៅតាមទីអារាមវត្តនានា ថា តើព្រះសង្ឃមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែរឬទេ ។

អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធិ បានបញ្ជាក់ថា ការចុះយកសំណាកនេះ គឺជាវិធានការមួយដ៏ល្អរបស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង អំពីសុខភាពរបស់ព្រះសង្ឃ និងតាជីដូនជី និងសុខភាពរបស់ប្រជាពុទ្ធបរិស័ទ ដែលបានយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃនារដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីសុវត្ថិភាព សុខភាពទូទៅជូនប្រជាពលរដ្ឋផងដែរ ។

លោក ផេង សិទ្ធី បានបញ្ជាក់បន្ថែមទៀតថា ការចុះយកសំណាកលើព្រះសង្ឃ និងតាជី ដូនជី ទាំង៣វត្តនាថ្ងៃនេះបានចំនួន១៧៨អង្គ/នាក់ ដោយបានរកឃើញព្រះសង្ឃចំនួន១អង្គ និងចុងភៅនៅប្រចាំការវត្តស្លាកែត ចំនួន១នាក់ មានវិជ្ជមានជំងឺកូវីដ១៩ ហើយទីតាំងចុងភៅនិងកុដិព្រះសង្ឍនោះត្រូវបានអាជ្ញាធរធ្វើការបានបិទខ្ទប់ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ផងដែរ ៕


អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img