26 C
Phnom Penh
Saturday, July 27, 2024

មន្ទីរកសិកម្មខេត្តកំពង់ធំព្រមានថាជនណានៅតែបន្តល្មើសច្បាប់លួចប្រមូលផលនេសាទក្នុងរដូវហាមឃាត់ ចាប់បញ្ជូនទៅតុលាការជាធរមាន

ស្តាប់អត្ថបទជាសម្លេង

កំពង់ធំ៖ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ ពុទ្ធិញូវ នាថ្ងៃទី០៤ ខែកញ្ញា នេះថា ថ្មីៗនេះអាជ្ញាធររកឃើញមានបទល្មើសនៃការលួចប្រមូលផលនេសាទជាហូរហែ ដោយកម្លាំងជំនាញមានកម្រិត ដូច្នេះអាជ្ញាធរសូមអំពាវនា វដល់បុគ្គល ឬអ្នកនេសាទបញ្ឈប់សកម្មលួចប្រមូលផលនេសាទក្នុងរដូវហាមឃាត់បន្តទៀត។

លោក ប៉ែន វណ្ណារិទ្ធ បានព្រមានថា “ប្រសិនជាមានជនខិលខូចនៅតែបន្តលួចប្រមូលផលនេសាទទៀត យើងនឹងចាត់ការនូវវិធានក្តៅហើយ ចាប់បញ្ជូនតុលាការជាធរមាន”។

ជាក់ស្តែងថ្មីៗនេះ កម្លាំងជំនាញបានចុះ ប្រតិបត្តិការបង្រ្កាប និងធ្វើការអបរំ ផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជានេសាទចំពោះរដូវបិទការនេសាទ និង ផលប៉ះពាល់ផ្សេងៗដល់មនុស្ស និងសត្វ។ 

លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានបញ្ជាក់ថាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរមានសត្ថកិច្ចបានចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅចំណុចចាប់ពីជ្រោយវែង  ដល់ជ្រោយតាសោម  ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបានរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទរបាំងសាច់អួន នៅនឹងកន្លែងរួមមាន របាំងសាច់អួន ចំនួន០៦ របាំង ប្រវែង១.៨០០ម៉ែត្រ, ឡុក ចំនួន១២ គ្រឿង, លូ ចំនួន១២ មាត់, បង្គោល ចំនួន៥០០ ដើម និង  ពន្លែងត្រី ចំនួន៣០ គីឡូក្រាម។

សូមជម្រាបថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រកាសបិទរដូវនេសាទនៅតាមទីតាំងទៅតាមពេលវេលាដែលកំណត់ និងការនេសាទត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ឧបករណ៍សម្រាប់តែការនេសាទលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដើម្បីចូលរួមចំណែកថែរក្សានិងការពារធនធានជលផលឱ្យបានគង់វង្ស៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img