26 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីទទួលបន្ទុកផលិតកម្មសត្វកម្ពុជា៖ បច្ចុប្បន្នការចិញ្ចឹមជ្រូកក្នុងស្រុកអាចផ្គត់ផ្គង់ទីផ្សារបានដល់ ៧០%

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ មន្ត្រីជំនាញទទួលបន្ទុកផ្នែកផលិតកម្មសត្វនៅកម្ពុជា បានអះអាងថា ក្រោយពីក្រ សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចកាត់បន្ថយការនាំចូលសត្វជ្រូកពីប្រទេសជិតខាងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ផលិតកម្មចិញ្ចឹមជ្រូកនៅក្នុងស្រុក បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ រហូតដល់ពេលនេះមានសមត្ថភាពផ្គត់ផ្គង់ដល់ទៅ ៧០ភាគរយ។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមានប្រសាសន៍ថា នៅក្នុងវិបត្តិកូវីដ-១៩នេះ ក្រសួង បានធ្វើការយ៉ាងជិតស្និទជាមួយនឹងសមាគមចិញ្ចឹមសត្វនៅកម្ពុជា ក្នុងការធ្វើកិច្ចការងារសំខាន់ៗ មួយចំនួន ដើម្បីកាត់បន្ថយការនាំចូលផលិតកម្មជ្រូកពីក្រៅប្រទេស ក្នុងគោលបំណងលើកស្ទួយដល់អ្នកចិញ្ចឹមក្នុងស្រុក។

លោកបញ្ជាក់ថា តាមរយៈការសិក្សារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បច្ចុប្បន្ននេះផលិតកម្មជ្រូកនៅកម្ពុជា គឺនៅខ្វះ ៣០ភាគរយ ក៏ប៉ុន្តែចំពោះផលិតកម្មគោ និងក្របី កម្ពុជា គឺផលិតនៅសល់ ៧ភាគរយ ហើយចំពោះផលិតកម្មបក្សីវិញ គឺខ្វះតែ ៦ភាគរយប៉ុណ្ណោះ។ 

លោកបន្តថា បច្ចុប្បន្នការនាំចូលជ្រូករស់ពីក្រៅប្រទេស គឺមានប្រមាណ ៦០០ ទៅ ១ ២០០ក្បាល ក្នុងមួយថ្ងៃ ដែលចំនួននេះគឺមានការថយចុះបើធៀបកាលពីមុន ដែលកាលនោះកម្ពុជា មានតម្រូវការក្នុងការនាំចូល ប្រមាណពី ៤ ០០០ ទៅ ៥ ០០០ក្បាល ក្នុងមួយថ្ងៃ។

បច្ចុប្បន្នកម្ពុជា នាំចូលសត្វជ្រូកភាគច្រើនពីប្រទេសថៃ។ ចំណែកកសិដ្ឋានចិញ្ចឹមជ្រូកទាំងខ្នាតតូច មធ្យម និងធំ នៅកម្ពុជាក្នុងពេលនេះមានចំនួនប្រមាណ ៥៣៩កសិដ្ឋាន ដោយនៅក្នុងនោះ ចំនួនជ្រូកសរុបទូទាំងប្រទេស គឺមានប្រមាណ ២៥១លានក្បាល។

យោងតាមលិខិតមួយដែលចុះហត្ថលេខាដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីខែកក្កដា ឆ្នាំ ២០២០ ដែលបានជម្រាបជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ក្រសួងបានកាត់បន្ថយការនាំចូលជ្រូកពីបរទេសពីចំនួន ២0 ៤០០ក្បាល ក្នុងមួយថ្ងៃ នៅខែមករា ឆ្នាំ២០២០ មកនៅត្រឹម៦ ៣០០ក្បាល កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img