ភ្នំពេញ៖មន្ត្រី ជាន់ខ្ពស់ក្រសួងទេសចររំពឹងថាការរៀបចំបុណ្យសមុទ្រ ឆ្នាំ នេះដែលធ្វើឡើងនៅខេត្តព្រះសីហនុ អាចនឹងមានភ្ញៀវទេសចរទៅកម្សាន្តច្រើន។ ខណៈដែលអាជ្ញាធរកំពុង ត្រៀមរៀបចំការងារទាំងអស់ជាមុនសិន ដើម្បីឱ្យបុណ្យសមុទ្រប្រព្រឹត្តិទៅដោយរលូន និងសុវត្ថិភាព។
ឯកឧត្តម តុប សុភ័ក្រអ្នក នាំក្រសួងទេសចរណ៍បានប្រាប់ថា ពីធីបុណ្យសមុទ្រឆ្នាំនេះ គឺ គ្រោងធ្វើឡើងពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែធ្នូ ។ប៉ុន្តែឆ្នាំ នេះបុណ្យសមុទ្រមានលក្ខណៈជា ពិសេសព្រោះតែ ការរៀបចំកម្មវិធីធំៗចំនួនបីដូចជាកម្មវិធីសម្ដែងសិល្បៈប្រពៃណីជាតិ និងអន្តរ ជាតិ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងបង្ហាញម្ហូបអាហារ និងកម្មវិធីកីឡាមាន កីឡាលើឆ្នេរ កីឡាលើទឹក។
ឯកឧត្តម តុប សុភ័ក្រ បន្តថា៖ «ការប្រជុំព្រឹកនេះអ្វីដែលសំខាន់ គឺយើង បានត្រៀមលក្ខណៈ រៀបចំបុណ្យសមុទ្រនេះ ឱ្យទទួលបានជោគជ័យ និងការចូលរួមពីមហាជនឱ្យបានច្រើនកុះករ ហើយទីមួយ គឺផ្ដោត សំខាន់ទៅលើការរៀបចំសម្រាប់ កម្មវិធីបីធំៗ ដែលបានជម្រាបជូន ហ្នឹង»។


ឯកឧត្តមបន្ថែមថា ក្រៅពីនេះទៀត គឺយើងបានត្រៀមលក្ខណៈ ដើម្បីសោភ័ណភាព និងការ រៀបចំឱ្យមានការរក្សាសណ្ដាប់ធ្នាប់ជាពិសេសសុវត្ថិភាពហើយហ្នឹងសេវាកម្មក្នុងកំឡុងពេល បុណ្យសមុទ្រហ្នឹង»។
លោកបន្តថា បុណ្យសមុទ្រឆ្នាំនេះ គឺខុសប្លែកបន្តិចពីឆ្នាំមុនដោយសារមានកម្មវិធីដ៏ធំមួយ ទៀត គឺមហាសន្និបាតក្លឹបឆ្នេរ សមុទ្រដែល ស្អាតជាងគេលើពិភពលោកដែលប្រទេសកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ ហើយក៏ស្របជាមួយបុណ្យសមុទ្រនេះផងដែរ។


ចំណែកអ្នកស្រី ឆាយ សៀវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថា បុណ្យ សមុទ្រ នេះនឹងជួយទៅដល់វិស័យទេសចរណ៍តាមរយៈការផ្សព្វផ្សាយ និងជួយទៅដល់អាជីវកម្មស្នាក់នៅ អាជីវកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូន ហើយវាក៏អាចជា ការទាក់ទាញ ភ្ញៀវទេសចរបរទេសបន្ថែមទៀតដែរ។


អ្នកស្រី ឆាយ ស៊ីវលីនបន្តថា៖ «ខ្ញុំគិតថា មានភ្ញៀវទេសចរចួលរួមទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាតាំង ផលិតផលនានា ក៏ដូចជាមានការសម្ដែងកីឡា អ្នកនៅក្នុងស្រុកក៏មានការអបអរជាពិសេស ក៏ដូចជាប្រទេសទើបតែបើកពេញលេញ បែបនេះមួយទៀតកត្តាដែល ជំរុញ ឱ្យមានការចូលរួម បែបនេះ គឺផ្លូវល្បឿនលឿនដែលមិនមានការកកស្ទះ អ្វីក្នុងការធ្វើដំណើរ នឹងនោះទេហើយការចំណាយ ពេលធ្វើដំណើរ ទៅកំពង់ សោមតែពីរម៉ោងនោះទេ»។


អ្នកស្រី ស៊ីវលីន ក៏បានបន្ថែមទៀតថា ប្រទេសកម្ពុជាមានប្រាសាទអង្គវត្ត មានឆ្នេរ និងមាន វប្បធម៌ដ៏ផូរផង់ ហើយតំបន់ឆ្នេរក៏ពិសេសផងដែរ ហើយក្នុងនោះក៏ មានកន្លែងអេកូទេសចរណ៍ជាច្រើន រួមជាមួយសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ ភាពទន់ភ្លន់ និងស្មោះត្រង់ផង ដែរហើយទាំងនេះបង្ហាញថា វាជាចំណុចទាក់ទាញរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលនឹងត្រូវធ្វើឡើងរយៈពេលប្រាំមួយថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ទី១៤ ខែធ្នូ។ ចំណែកឯ ពិធីបុណ្យសមុទ្រ នឹងធ្វើចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News