30 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីជាន់ខ្ពស់បរិស្ថាន ប្រាប់អាជ្ញាធរខេត្តជាប់មាត់សមុទ្រ ត្រូវសកម្មក្នុងការគ្រប់គ្រងសំណល់សំរាមប្លាស្ទិកកុំឱ្យហូរចូលសមុទ្រ

កំពត៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានប្រាប់ដល់អាជ្ញាធរខេត្តជាប់មាត់សមុទ្រទាំងអស់ ជាពិសេសខេត្តគោលដៅទេសចរណ៍ ត្រូវសកម្មជាងគេក្នុងការគ្រប់គ្រងសំណល់សំរាម ពិសេសធ្វើយ៉ាងណាកុំឱ្យមានថង់ប្លាស្ទិកហោះក្នុងបរិយាកាស។ ការលើកឡើងដូចនេះ នៅពេលដែលលោកចុះទៅពិនិត្យកន្លែងសាងសង់ទីលានសម្រាប់ចាក់សំរាមខេត្តកំពត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ 

ទន្ទឹមនឹងប្រាប់ដល់អាជ្ញាធរអំពី ការគ្រប់គ្រងសំណល់សំរាម លោក នេត ភក្ត្រា ក៏បានស្នើដល់ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្ត ៤ចំណុចផងដែរ ទី១.កាត់បន្ថយការប្រើប្រាស់បា្លស្ទិក ២.ប្រើប្រាស់ប្លាស្ទិកឡើងវិញ ៣.កែច្នៃប្លាស្ទិកឡើងវិញ(សិប្បកម្មកែច្នៃលក្ខណៈសហគ្រាសធន់តូច) និង ៤.ការចូលរួមអនុវត្តតាមកាណែនាំរបស់ជំនាញ និងរាជរដ្ឋាភិបាលទាំងអស់គ្នា ក្រោយពេលពលរដ្ឋមានការយល់ដឹងច្រើនហើយនោះ។ 

សំរាមជាក្តីកង្វល់រួមរបស់យើងទាំងអស់គ្នា ហើយបច្ចុប្បន្នកម្ពុជាប្រមូលសំរាមបានជាង ១ម៉ឺនតោនក្នុង១ថ្ងៃ ក្នុងនោះកាកសំណល់ប្លាស្ទិកមានរហូតដល់ ២០ភាគរយ ដែលជាកម្រិតមួយខ្ពស់។ ការនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគ្រប់គ្រងលើកាកសំណល់សំរាមមួយបន្ថែមទៀត ដែលឱ្យរដ្ឋបាលរាជធានី-ខេត្តអនុវត្ត ពិសេសខេត្តដែលជាគោលដៅទេសចរណ៍។ បច្ចុប្បន្ន ទាំងមន្ត្រីជំនាញក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី-ខេត្ត កំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកាកសំណល់សំរាម ពិសេសប្លាស្ទិកធ្វើយ៉ាងណាមិនឱ្យហូរចូលក្នុងសមុទ្រ។ នេះជាការលើកឡើងដោយ លោក នេត ភក្ត្រា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគ្រប់គ្រង់ជាច្រើន ១.ការបង្កើនពន្ធលើការនាំចូលប្លាស្ទិក ២.ហាមឃាត់ការនាំចូលថងប្លាស្ទិកដែលមានកម្រាស់ ០,០៣មីលីម៉ែត្រ ៣.ដាក់តម្លៃបន្ថែមលើថងប្លាស្ទិកនៅតាមផ្សារទំនើប៤០០រៀល ក្នុងមួយថង (ក្រោយអនុវត្តន៍រយៈពេលបីឆ្នាំចុងក្រោយ ការប្រើប្រាស់ថងប្លាស្ទិកថយចុះពី ៣០ទៅ ៤០ភាគរយនៅតាមផ្សារទំនើប) ទី៤.ជំរុញឱ្យមានការផលិតប្លាស្ទិកដែលមានមូលដ្ឋានពីជីវៈបា្លស្ទិក(ធ្វើពីរុក្ខជាតិងាយរលាយ) ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានជំរុញលើការអនុវត្តលើគោលការណ៍ 4R (ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃឡើងវិញ និងការបដិសេធការប្រើប្រាស់ប្លាស្ទិកតែម្តង)៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img