30 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីជាន់ខ្ពស់កម្ពុជា និងឥណ្ឌា ពិភាក្សាពីការជំរុញវិនិយោគរបស់ក្រុមហ៊ុនឥណ្ឌា លើគម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែដទៃទៀតនៅកម្ពុជា

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា និងឥណ្ឌាបានពិភាក្សាគ្នាអំពីសក្តានុពល និងឱកាសនៃការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនឥណ្ឌា ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែ ដ៏ទៃទៀត គម្រោងអភិវឌ្ឍន៍វិស័យ ថាមពល ដោយផ្តោតលើការអភិវឌ្ឍខ្សែបណ្តាញបញ្ជូន និងខ្សែបណ្តាញចែកចាយថាម ពលអគ្គិសនី គម្រោងអភិវឌ្ឍន៍វិស័យប្រេង និងឧស្ម័ន។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រីវេជ្ជបណ្ឌិត ទេវីយ៉ានី ឧត្តម កុប្រាហ្កេដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា។

ក្រៅពីនេះភាគីទាំងពីក៏បានពិភាក្សាអំពីការផ្តល់គម្រោងពង្រឹងសមត្ថភាពលើធនធានមនុស្ស និងការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមរបស់រដ្ឋាភិបាលឥណ្ឌាជូនមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលគម្រោងហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌាមកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទាំង ៣របស់ក្រសួង។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានក្រុមហ៊ុនវិយោគរបស់ឥណ្ឌានៅកម្ពុជាឱ្យកាន់តែច្រើន។

យ៉ាងណាក៏ដោយនៅក្នុងជំនួបពិភាក្សារវាងភាគីទាំងពីរ ក៏ទំនងជាជជែកគ្នាអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនរ៉ែមាស Mesco Gold ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា កំពុងវិនិយោគរុករករ៉ែមាស ស្ថិតនៅ ភូមិស៊ីយ៉ារុង ក្នុងខេត្តរតនគិរី។ កន្លងមកក្រុមហ៊ុននេះ ធ្លាប់អះ អាងពីការឈានទៅដំឡើងផលិតកម្មចម្រាញ់រ៉ែមាស ដែលស្ថិតនៅក្នុងគម្រោងរបស់ខ្លួន តាំងចុងឆ្នាំ ២០១៩ ហើយក្រោយមកក៏ពន្យាពេលមកចុងឆ្នាំ ២០២០វិញ ប៉ុន្តែរហូតមកដល់ពេលនេះគម្រោងនេះហាក់ជាប់គាំងនៅមិនទាន់ដំណើរការអាជីវកម្មចម្រាញ់រ៉ែមាសនៅឡើយ។

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ធ្លាប់បានបង្ហើបប្រាប់ពុទ្ធិញូវ នាពេលកន្លងមកថា តាមផែនការក្រុមរ៉ែមាស Mesco Gold នឹងសាងសង់រោងចក្រចម្រាញ់រ៉ែមាសនៅចុងឆ្នាំ ២០២០ ប៉ុន្តែដោយសារបញ្ហាការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងបញ្ហាផ្ទៃក្នុងមួយចំនួនរបស់ក្រុមហ៊ុននេះ បានធ្វើឱ្យជះឥទ្ធិពលដល់គម្រោងទាញយករ៉ែមាសរបស់ខ្លួន។

សូមជម្រាបថា បច្ចុប្បន្ននៅកម្ពុជា គឺមានក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនរបស់អូស្ត្រាលី បាន និងកំពុងដំណើរការធ្វើអាជីវកម្មចម្រាញ់រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុននេះ អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ រហូតមកដល់ពេលនេះ ក្រុមហ៊ុននេះ ក៏បានធ្វើការនាំចេញមាសដែលខ្លួនផលិតបានមួយចំនួនទៅកាន់ប្រទេសអូស្ត្រាលី ជាបណ្តើរៗហើយដែរ៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img