ស្តាប់អត្ថបទជាសម្លេង
ភ្លើងឆេះព្រៃដែលកំពុងដុតកម្លោចតំបន់ភាគខាងជើងនៃប្រទេសអាល់ហ្សេរីនោះ ឥឡូវនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៥នាក់ហើយក្នុងនោះរួមមានទាំងទាហាន ២៨នាក់ផងដែលត្រូវបានបញ្ជូនឲ្យទៅជួយក្រុមអ្នកពន្លត់អគ្គិភ័យ។
ភ្លើងឆេះព្រៃនៅក្នុងតំបន់ជួរភ្នំកាប៊ីលី (Kabylie) គឺជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ប្រទេសអាល់ហ្សេរី។ ក្រុមមន្រ្តីបានបន្ទោសថា ភ្លើងឆេះព្រៃនេះភាគច្រើនគឺមនុស្សជាអ្នកដុត។
មនុស្សជាច្រើនត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យថា ជាអ្នកបង្កើតឲ្យមានភ្លើងឆេះព្រៃទាំងនេះ ប៉ុន្តែក្រុមមន្រ្តីមិនបានផ្តល់ព័ត៌មានលម្អិតទេ។


ប្រធានាធិបតីអាល់ហ្សេរីបានប្រកាសកាន់ទុក្ខនៅទូទាំងប្រទេសរយៈពេល ៣ថ្ងៃសម្រាប់ជនរងគ្រោះ។
កាលពីថ្ងៃពុធ ភ្លើងឆេះព្រៃសរុបចំនួន ៦៩កន្លែងកំពុងឆាបឆេះនៅទូទាំងប្រទេសអាល់ហ្សេរី ចំពេលដែលរលកកំដៅកំពុងវាយប្រហារពាសពេញតំបន់អាហ្វ្រិកខាងជើង ។
ភ្លើងឆេះព្រៃទាំងនេះបានឆាបឆេះកាន់តែខ្លាំងដោយសារខ្យល់បក់បោកខ្លាំង និងលក្ខខណ្ឌអាកាសធាតុស្ងួត។
នៅក្នុងតំបន់ទីហ្ស៊ីអ៊ូហ្សូ (Tizi Ouzou) ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ពលរដ្ឋបានភៀសខ្លួនចេញពីលំនៅដ្ឋាន ហើយផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ។
ជនរងគ្រោះភាគច្រើនរស់នៅតាមភូមិដាច់ស្រយាលក្នុងតំបន់នេះ៕






អត្ថបទនិងរូបភាពដោយ Puthi News