ខេត្តក្រចេះ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៧A ត្រង់ចំណុចជិតស្ពានកាំពី ស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ភ្លាមៗនោះ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។


យោងតាមរបាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងពេលកើតហេតុគេឃើញរថយន្តដឹកសត្វមាន់ម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន ពីជើងទៅត្បូង ពោលគឺ ពីខេត្តស្ទឹងត្រែង ទៅខេត្តក្រចេះ លុះមកដល់ចំណុចកើតហេតុផ្លូវកោងក៏បានរេចង្កូតជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស របស់ក្រុមហ៊ុនហ្វ័រគ្រេបហ្វាម៉ា ពាក់ស្លាកលេខ ព្រះសីហនុ 3A-5018 បណ្ដាលឱ្យរងការ
ខូចខាតខ្ទេចមួយកំណាត់មុខទាំងសងខាង។


បន្ទាប់ពីកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកចិត្របុរី បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងធ្វើការវាស់វែង។ ចំណែកសាកសពប្រគល់ទៅឱ្យក្រុមគ្រួសារ និងវត្ថុតាងរថយន្តទាំង ២គ្រឿង ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីរង់ចាំការដោះស្រាយគ្នានៅ ពេលក្រោយ៕




អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews