ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ មនុស្សប្រុស្រីចំនួន ២៥នាក់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រមូលផ្តុំគ្នាលេងបាល់កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ល្មើសនឹងវិធានការរដ្ឋបាលនោះ ត្រូវបានសមត្ថកិច្ចធ្វើការពិន័យរដ្ឋបាល ក្នុង១នាក់បង់ចំនួន ២លានរៀល។ ចំពោះម្ចាស់ទីតាំងដែលផ្ដល់មធ្យោបាយឱ្យពួកគេចូលលេង ត្រូវបង់ពិន័យចំនួន៥លានរៀលផងដែរ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ជាមួយនឹងការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដែលត្រូវបានហាមឃាត់ដោយអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កម្លាំងល្បាតនៃគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមកីឡាករបាល់ទះ និងបាល់ទាត់ មានស្រីមានប្រុស ចំនួន២៥នាក់ និងមានម៉ូតូចំនួន២១គ្រឿង រួចដឹកយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំគ្នាបំពានទៅនឹងសេចក្តីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ គឺធ្វើឡើងនៅចំណុចភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ពួកគេបានល្មើសនឹងសេចក្តីសម្រេចលេខ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
អត្ថបទ និងរូបភាពដោយ៖ Puthi News