ស្តាប់អត្ថបទជាសម្លេង
ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ខ្លួនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យពលរដ្ឋខ្លួនពេញលេញបានជាង ១ពាន់លាននាក់ ឬស្មើនឹងជាង ៧០%នៃចំនួនពលរដ្ឋសរុប ដោយបាននាំមុខអាមេរិក និងសហភាពអឺរ៉ុបតែទោះជាយ៉ាងណាចិនមិនមានផែនការបន្ធូរបន្ថយការរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងវីរុសនេះភ្លាមៗ ទេ។
មន្ត្រីនាំពាក្យឲ្យក្រសួងសុខាភិបាលចិនបានប្រាប់អ្នកយកព័ត៌មានថា វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ២,១៦ពាន់លានដូសត្រូវបានចាក់នៅក្នុងប្រទេសចិន ដោយមនុស្សចំនួន ១,០១ពាន់លាននាក់បានចាក់វ៉ាក់សាំងពេញលេញ។
លទ្ធផលនេះបានកើតឡើង ១០ខែក្រោយពីប្រទេសចិនបានអនុញ្ញាតឲ្យប្រើប្រាស់ជាលេីកដំបូងនូវវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ូណូហ្វាម (Sinopharm) ដែលគ្រប់គ្រងដោយរដ្ឋ។
ចាប់តាំងពីពេលនោះមក វ៉ាក់សាំងកូវីដ-១៩ ចំនួន ៦ ប្រភេទទៀតដែលផលិតឡើងដោយក្រុមហ៊ុនឱសថ និងវិទ្យាស្ថានសិក្សាក្នុងស្រុកត្រូវបានអនុម័ត។
បើទោះបីជាជោគជ័យនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនក៏ដោយ ក៏ប្រទេសចិននៅតែបន្តប្រយុទ្ធប្រឆាំងនឹងការកេីនឡេីងនៃករណីឆ្លងវីរុសកូវីដ-១៩ ក្នុងស្រុកដែលបង្កឡើងដោយការផ្ទុះឡើងនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ ដែលតា (Delta)។
អាជ្ញាធរចិនឥឡូវនេះកំពុងតស៊ូទប់ទល់នឹងការផ្ទុះឡេីងនៃករណីឆ្លងវីរុសកូវីដ-១៩ ជាចង្កោមនៅក្នុងខេត្តហ្វូជាន (Fujian) ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន៕
អត្ថបទ និងរូបភាពដោយះ Puthi News