ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន ១៩នាក់ ដែលបានឃាត់ខ្លួន នៅពេលជួបជុំគ្នាផឹកស៊ីក្នុងភោជនីយដ្ឋាន តា សេត ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែសីហានោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះលែងវិញអស់ហើយ បន្ទាប់ពីពិនិត្យឃើញថា ពួកគេមិនបានល្មើសនឹងបម្រាមគោចរនោះទេ ហើយភោជនីដ្ឋាន តា សេត ក៏មិនបានធ្វើការបិទអាជីវកម្មនោះដែរ ខណៈភោជនីដ្ឋាននេះបានអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មាន ពុទ្ធិញូវ ឱ្យដឹងថា បន្ទាប់ពីធ្វើការបង្ក្រាបភោជនីដ្ឋានតាសេក ដែលបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩នាក់រួចមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងចុះពិនិត្យស្ថានភាពជាក់ស្តែងក្នុងភោជនីយដ្ឋាន តា សេក បានរកឃើញថា ការបើកដំណើរការអាជីវកម្មនោះមានការគោរពតាមការណ៍វិធានរបស់ក្រសួងសុខាភិបាល ហើយទីតាំងនេះក៏បើកនៅពេលដែលមានសេចក្តីប្រកាសអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀត អ្នកដែលចូលទៅបរិភោគអាហារនៅទីនោះ គេក៏បានគោរពទៅតាមការណែនាំ និងការរក្សាគម្លាតបានត្រឹមត្រូវ និងក៏បើកឱ្យមានការវិចខ្ចប់របស់អតិថិជន ផងដែរ។
ដូច្នេះ ដោយយោងតាមសេចក្តីសម្រេចរបស់ លោកស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោកព្រះរាជអាជ្ញាផងនោះ បន្ទាប់ពីបានធ្វើការពិនិត្យរួចរាល់ ឃើញថាមិនមានកំហុស ក៏សម្រេចធ្វើការដោះលែងពួកគេទាំង១៩នាក់ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីធ្វើការអប់រំណែនាំ៕
អត្ថបទ និងរូបភាព Puthi News