30 C
Phnom Penh
Saturday, July 27, 2024

មជ្ឈមណ្ឌលអភិរក្សអណ្ដើកហ្លួងនឹងវិវត្តខ្លួនជាតំបន់អេកូទេសចរណ៍មួយមានភាពទាក់ទាញ

កោះកុង÷អាជ្ញាធរជំនាញខេត្តកោះកុង កំពុងជំរុញឱ្យក្រុមការងារអភិរក្សអណ្ដើកហ្លួងខិតខំអភិរក្ស និងអភិវឌ្ឍន៍តំបន់មួយនេះឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍មួយក្នុងខេត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនា និងស្វែងយល់ពីប្រភេទសត្វដ៏កម្រដែលជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមលោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមអមដំណើរលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះទស្សនកិច្ចមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ស្ថិតនៅភូមិទួលគគីរ ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែល មជ្ឈមណ្ឌលអភិរក្សនេះ កំពុងថែទាំ អណ្ដើកហ្លួងសរុប ២៤៥ ក្បាល និងមានមេពូជចំនួន ៥០ក្បាល (ញី ២៥ក្បាល) ,កូនអណ្ដើកហ្លួងទើបញ៉ាស់ចំនួន ១២៣ក្បាល ដែលការចុះពិនិត្យនេះធ្វើឡើង កាលពីថ្ងៃទី០៥ ឧសភា ២០២៤ ។

សព្វថ្ងៃមជ្ឈមណ្ឌលក្នុងភូមិទួលគគីរ នេះបាននិងកំពុងដំណើរការសាងសង់ស្រះ ថែបំប៉នមេពូជចំនួនពីរបន្ថែមទៀត ដើម្បីបង្កាត់ពូជ ក្នុងគោលបំណងបង្កើនចំនួនពងកូនក្នុងមជ្ឈមណ្ឌល  ដើម្បីយកទៅលែងចូលទីជម្រកធម្មជាតិរបស់វាវិញ ដោយ តាមរយ:អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធនានានឹងគ្រោងប្រារព្ធពិធីសម្ភោធសម្មិទ្ធិផលក្នុងមជ្ឈមណ្ឌល រួមទាំងការលែងអណ្ដើកហ្លួងចូលក្នុងទីជម្រកធម្មជាតិក្នុងប្រព័ន្ធព្រែកស្រែអំបិលជាលើកទីពីរក្នុងឆ្នាំ២០២៤នេះម្ដងទៀត ដែលកម្មវិធីនេះ គ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។

តាមរយ:សកម្មភាពនេះ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមការងារអភិរក្សអណ្ដើកហ្លួងខិតខំអភិរក្ស ធ្វើយ៉ាងណាឲ្យតំបន់មួយនេះប្រែក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ តំបន់អេកូទេសចរណ៍មួយក្នុងខេត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនា កម្សាន្តនិងស្វែងយល់ពីប្រភេទសត្វដ៏កម្រដែលជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីចូលរួមលើកទឹកចិត្តលោកស្រីអភិបាលរងខេត្តកោះកុង សន្យា ផ្ដល់លិខិតសសើរដល់ក្រុមការងារអភិរក្ស ដោយតម្រូវឱ្យក្រុមការងាររៀបចំធ្វើបទបង្ហាញអំពីលទ្ធផលការងារ ស្ថានភាពទូទៅ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត ដើម្បីធ្វើបទបង្ហាញជូនលោកជំទាវអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បានជ្រាប និងបន្តជួយ សហការគាំទ្រឱ្យប្រភេទសត្វកម្រនេះមានវត្តមានគង់វង្សជានិរន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដោយលោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល អង្គការសមាគមន៍អភិរក្សសត្វព្រៃតំណាងដោយលោក Alistair Mould នាយកអង្គការដៃគូអភិរក្ស Mandai Nature លោកស្រី អ៊ី នារីណេត អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង លោកស្រី Ann Marie Lauritsen តំណាងឲ្យ US Fish Wildlife Service រួមទាំងអាជ្ញាធរមូលដ្ឋានបានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន១៥ក្បាល ដែលក្នុងនោះញី១២ក្បាល ចូលទៅក្នុងជម្រកធម្មជាតិនៃប្រព័ន្ធព្រែកស្រែអំបិល។ អណ្តើកហ្លួងដែលលែងនេះ មានបំពាក់នូវឧបករណ៍តាមដាន ដើម្បីសម្គាល់និងតាមដានការបន្លាស់ទីរបស់វា។

អណ្តើកហ្លួង (Southern River Terrapin) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ជាប្រភេទសត្វជិតផុតពូជ ហើយត្រូវបានគេជឿថាបានផុតពូជម្តងរួចមកហើយ រហូតត្រូវបានរកឃើញឡើងវិញតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងឆ្នាំ២០០០។ លទ្ធផលនេះបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្ស រួមទាំងការការពារសំបុក និងការអភិរក្សដោយមានការចូលរួមពីសហគមន៍ ជាងពីរទសវត្សរ៍មកនេះ ដោយមានការគាំទ្រពី រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img