ស្តាប់អត្ថបទជាសម្លេង
ខេត្តសៀមរាប៖ ដើមចន្ទគិរី ឬដើមអំពិលទឹកបារាំងមួយដើម បានរលំសង្កត់រថយន្តមួយគ្រឿង ដែលម្ចាស់បានចតចោលហើយចូលទៅពិសាកាហ្វេ ខណៈមានភ្លៀងធ្លាក់ លាយឡំ ខ្យល់កន្ត្រាក់ផងនោះ។
ហេតុការណ៍នេះកើតនៅវេលាម៉ោងប្រមាណ១០ និង២០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចជិតហាងកាហ្វេប្រោន ខាងកើតជាប់មាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
រថយន្តដែលដើមឈើរលំសង្កត់នេះ ម៉ាកឆេវរ៉ាលេត ពណ៌ស ស្លាកលេខ 2AQ 3258 បានរងការខូចខាតធ្ងន់ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
ម្ចាស់រថយន្តខាងលើបានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានចតរថយន្តហើយចូលទៅផឹកកាហ្វេ បន្ទាប់ពីផឹករួចក៏ចេញមកវិញ ជិតដល់រថយន្តក៏ស្រាប់តែដើមឈើដែលនៅក្បែរនោះរលំសង្កត់លើរថយន្តគាត់តែម្តង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៦ -១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន០៧ មានផ្ទៃមេឃអួអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរទៅខ្លាំង និងអាចប្រឈមជំនន់ទឹកភ្លៀង ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News