30 C
Phnom Penh
Saturday, July 27, 2024

ភ្លៀងធ្លាក់ផ្ទួនៗ បណ្តាលឱ្យស្រុក-ក្រុងមួយចំនួននៅខេត្តបន្ទាយមានជ័យ កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ៖ ភ្លៀងធ្លាក់ផ្ទួនៗបណ្ដាលឱ្យស្រុក និងក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ជាពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រុងប៉ោយប៉ែត ដែលក្នុងរយៈពេលពីរបីថ្ងៃមកនេះភ្លៀងធ្លាក់ផ្ទួនៗធ្វើឱ្យស្ទះលូហូរមិនទាន់ បណ្ដាលឱ្យតំបន់ទំនាបមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបានលិចទឹកលង់។ 

ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ស្ថិតនៅក្បែរមាត់អូរ ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះ សម្រាប់អ្នកដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ 

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឱ្យភ្លៀងនៅតែបន្តមាន ក្នុងកម្រិតពីតិចទៅមធ្យម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយប្រព័ន្ធសម្ពាធទាបចាប់កើតសារជាថ្មី ភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្ម ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង នឹងអូសកាត់ប្រទេសកម្ពុជាផ្នែកខាងជើង ដែលអាចនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។

ទន្ទឹមនឹងនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នឹងអាចមានវិសម្ពាធមួយកើតឡើង នៅសមុទ្រចិនខាងត្បូង នឹងអាចបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី១៥ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយធ្វើដំណើរឆ្ពោះមកប្រទេសវៀតណាម ដែលនឹងអាចមានឥទ្ធិពលគួរឱ្យកត់សម្គាល់ នៅតំបន់ភាគឦសានរបស់កម្ពុជា៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img