31 C
Phnom Penh
Wednesday, November 6, 2024

ភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសអេស្ប៉ាញបង្ខំឲ្យមនុស្សជិត៨០០នាក់ភៀសខ្លួន

ស្តាប់អត្ថបទជាសម្លេង

អាជ្ញាធរអេស្ប៉ាញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃមួយកន្លែងបានបង្ខំឲ្យមានការជម្លៀសមនុស្សជិត៨០០នាក់ពីជុំវិញតំបន់រមណីយដ្ឋាន អេស្តេផូណា (Estepona) នៅភាគខាងត្បូងប្រទេស។

សេវាសង្គ្រោះបន្ទាន់បាននិយាយថា ភ្លើងឆេះព្រៃនោះបានកើតឡើងកាលពីយប់ថ្ងៃពុធ ហើយបន្ទាប់មកបានឆាបឆេះរាលដាលនៅលើផ្ទៃដីទំហំប្រមាណ២ពាន់ហិកតានៅក្នុងតំបន់ព្រៃក្រាស់ដែលគេស្គាល់ថា សៀរ៉ា មឺបាចា (Sierra Merbeja) ។

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋសរុបចំនួន៧៧៩នាក់ត្រូវបានជម្លៀសពីសហគមន៍ចំនួន៤នៅទីក្រុង អេស្តេផូណា (Estepona) ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមសម្រាប់និវត្តន៍ជនអង់គ្លេស ប៉ុន្តែបានបន្ថែមថាមិនមានជនជាតិអង់គ្លេសទេនៅក្នុងចំណោមអ្នកដែលត្រូវបានជម្លៀស។

ផ្សែងយ៉ាងក្រាស់ដែលបណ្តាលមកពីភ្លើងឆេះព្រៃនោះបានបោកបក់ឆ្ពោះទៅភូមិមួយស្ថិតក្នុងទីក្រុង អេស្តេផូណា (Estepona) ដោយបង្ខំឲ្យជម្លៀសពលរដ្ឋចេញទាំងយប់។

អ្នកពន្លត់អគ្គិភ័យប្រហែល២០០នាក់បានចូលរួមប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនោះដែលនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ។

គិតត្រឹមចុងខែសីហា ភ្លើងឆេះព្រៃបានឆាបឆេះលើផ្ទៃដីចំនួន៧៤,២៦០ហិកតានៅក្នុងប្រទេសអេស្ប៉ាញពោលគឺលើសពីកម្រិតជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ប៉ុន្តែនៅតែទាបជាងកម្រិតដែលត្រូវបានបំផ្លាញនៅក្នុងឆ្នាំ២០១២ដែលមានទំហំ១៩ម៉ឺនហិកតានិងជាឆ្នាំដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវតរ្ស៍កន្លងមកនេះ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img