30 C
Phnom Penh
Saturday, July 27, 2024

ភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ថយចុះ៧២%

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយគិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះភ្ញៀវទេសចរជាតិមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តបាត់ដំបង សរុបទាំងអស់មានចំនួន៣៧,៧២៤នាក់ ថយចុះរហូតដល់៧១.៩០% នេះបើធ្វើការធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ ដែលមានចំនួន១៣៤,៤៤០នាក់ ។ 

នេះបើតាមការផ្តល់ព័ត៌មានមកពុទ្ធិញូវ ប្រចាំខេត្តបាត់ដំបង ពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីហ្ស៊ារ៉ា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ ។

លោក បានបញ្ជាក់ថា តាមការវាយតម្លៃរបស់ក្រុមការងាររបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបន្ទាប់ពីបានចុះ ធ្វើការត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលអាចរក្សាគម្លាតបានមានផ្ទៃដីធំទូលាយ អាចទទួលភ្ញៀវបានដែលមិនប៉ះពាល់ខ្លាំងដល់បញ្ហាឆ្លងជំងឺកូវីដ-១៩ ទើបក្រុមការងារសម្រេចឱ្យបើកដំណើរការតែចំនួន១៣កន្លែងប៉ុណ្ណោះ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ទាំង៤៧កន្លែងរបស់ខេត្តបាត់ដំបង ដែលមន្ទីរបានចេញវិញ្ញាបនប័ត្រ វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) ក្នុងនោះរួមមាន រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានអាងកំពីងពួយ និងមណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ រមណីយដ្ឋានប្រាសាទឯកភ្នំ ស្ថិតក្នុងស្រុកឯកភ្នំ រមណីយដ្ឋានចំការស្វាយ ឬរមណីយដ្ឋានភ្នំចម្បាំង រមណីយដ្ឋានស្ទឹងថ្មដាចំការទុរេន រមណីយដ្ឋានចំការទុរេនអូរតង រមណីយដ្ឋានវាលចម្បាំង ខេមសាយ និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតក្នុងស្រុកសំឡូត រមណីយដ្ឋាន ទឹកធ្លាក់៥៣ភ្នំព្រឹក រមណីយដ្ឋាននគរជុំភ្នំព្រឹក រមណីយដ្ឋានភ្នំកំពូល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក បានបញ្ជាក់ថា ក្រៅពីអ្នកទេសចរទៅលេងនៅតាមរមណីយដ្ឋានដែលត្រូវបើកឱ្យដំណើរការទាំង១៣កន្លែងនោះ គឺនៅមានអ្នកទេសចរខ្លះបានដើរកម្សាន្តនៅតាមចម្ការរបស់ក្រុមគ្រួសារញាតិមិត្តរបស់គាត់ នៅតាមតំបន់ផ្សេងៗទៀតមានចំនួនច្រើន ។

លោក អ៊ុច អ៊ុភីនីហ្ស៊ារ៉ា បានបន្តថា ទាំងមុនពេលនិងក្នុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមការងាររបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះជាប់ជាប្រចាំ ដើម្បីធ្វើការផ្សព្វផ្សាយពីវិធានការសុវត្ថិភាពនៃការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ធ្វើឱ្យម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តបាត់ដំបងទាំងអស់បានចូលរួមសហការ និងអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី ហើយគួបផ្សំជាមួយនឹងប្រជាពលរដ្ឋ និងអ្នកទេសចរដែលមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន មានការយល់ដឹងច្រើន និងចូលរួមអនុវត្តការពារខ្លួនដោយមានការពាក់ម៉ាស និងមានអាល់កុលផ្ទាល់ខ្លួនសម្រាប់លាងសម្អាតដៃ ក៏ដូចការរក្សាគម្លាត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ទន្ទឹមនឹងនេះ នៅមានបញ្ហាប្រឈមមួយចំនួន បង្កនូវផលលំបាកដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរផងដែរ ដូចជា បញ្ហាមានភ្លៀងធ្លាក់ និងមានទឹកជំនន់ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើសមត្ថភាពទទួលភ្ញៀវជាអតិបរមាត្រូវបានកាត់បន្ថយ ហើយរមណីយដ្ឋានមួយចំនួនមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរលើសកំណត់អតិបរមា ជាហេតុធ្វើឱ្យម្ចាស់រមណីយដ្ឋានបិទមិនទទួលឱ្យចូលក្នុងទីតាំងរមណីយដ្ឋានបន្ថែមឡើយ ក្នុងនោះផ្លូវទៅកាន់គោលដៅតំបន់ទេសចរណ៍មួយចំនួន ត្រូវរងនូវការខូចខាត និងទឹកហូរកាត់ផ្តាច់ជាអន្លើៗផងដែរ ។

លោកប្រធានមន្ទីរ បានលើកទឹកចិត្តណែនាំដល់ម្ចាស់រមណីយដ្ឋានទេសចរណ៍ទាំងអស់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀតដល់ការបម្រើសេវាទេសចរណ៍សមស្របតាមគោលការណ៍របស់ក្រសួង ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង ដើម្បីជំរុញចលនាទេសចរក្នុងស្រុកឱ្យបានល្អប្រសើរ ព្រោះថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាមាសបៃតងក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន ទន្ទឹមនឹងនោះសូមរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍៣កុំ ៣ការពារ ដើម្បីគ្រួសារយើង សហគមន៍យើងនិងប្រទេសជាតិយើងឆ្លងផុតពីជំងឺកូវីដ-១៩ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img