ស្តាប់អត្ថបទជាសំឡេង
មណ្ឌលគិរី៖ ក្បួនរថយន្តអ្នកទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់បានសម្រុកចូលមកខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងៃ០៥ តុលា ហើយរហូតមកដល់ថ្ងៃទី០៧តុលា គេសង្កេតឃើញថានៅតាមគោលដៅនានាក្នុងក្រុងសែនមនោរម្យ មានអ្នកទេសចរយ៉ាងច្រើនមកម្សាន្តលំហែអារម្មណ៍ ខណៈចំនួនអ្នកទេសចរដ៏ច្រើននេះ គឺមិនធ្លាប់មានទេនៅក្នុងឆ្នាំ២០២១ ដែលជាដំណាក់កាលនៃជំងឺកូវីដ១៩កំពុងរាតត្បាត។
ប៉ុន្តែទន្ទឹមនឹងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ក៏ជួបផលប៉ះពាល់ខ្លះដែរព្រោះកត្តាអាកាសធាតុ ដោយមានភ្លៀងរលឹមបង្អុរធ្លាក់តាំងពីរសៀលថ្ងៃទី០៦តុលា រហូតមកដល់ថ្ងៃទី០៧ ខែ តុលាតែម្ដង។
នៅថ្ងៃទី៣ជាថ្ងៃចុងក្រោយនៃឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ កត់សម្គាល់ឃើញថា នៅតែមានអ្នកទេសចរធ្វើដំណើរកម្សាន្ត ប៉ុន្តែពិនិត្យឃើញចំនួនភ្ញៀវបានថមថយចុះបន្តិច មិនច្រើនកុះករដូចថ្ងៃឈប់សម្រាកទី១និងទី២នោះទេ ព្រោះតែមានភ្លៀងធ្លាក់ផង ។
យោងតាមទិដ្ឋភាពជាក់ស្ដែង អ្នកទេសចរបានទៅលេងនៅតាមគោលដៅផ្សេងៗគ្នា មានដូចជាភ្នំដោះក្រមុំ រង្វង់មូលគោព្រៃ សមុទ្រឈើ ហើយនៅតាមរមណីយដ្ឋានទេសចរណ៍នានាទៀត ក៏មានអ្នកទេសចរបានទៅដល់គ្រប់កន្លែង គ្រាដែលរដ្ឋបាលខេត្តមណ្ឌលគិរី បានដាក់ដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ បន្ទាប់ពីបិទដំណើរការមួយរយៈពេលវែង ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឲ្យដឹងថា តួចលេខចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ មានប្រមាណជាង២៣,០០០នាក់ កើនឡើង៨១,៨៨% បើធៀបនិងភ្ជុំបិណ្ឌឆ្នាំមុន។ លោកបន្តថា សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវ គឺពួកគាត់ភាគច្រើនមានការប្រុងប្រយត្នដោយខ្លួនឯងអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំណែកសុវត្ថិភាពរបស់ពួកគាត់ក៏ល្អប្រសើរ ពោលគឺមិនមានភាពអសន្តិសុខណាមួយកើតឡើងនោះទេ ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បន្តថា សម្រាប់តាមរមណីយដ្ឋានទាំងអស់ មន្ទីរបានតម្រូវឲ្យអនុវត្តដាច់ខាតចំពោះវិធានការសុវត្ថិភាពផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដោយភ្ញៀវទេសចរតម្រូវឲ្យពាក់ម៉ាស់គ្រប់គ្នាពេលចូលទៅក្នុងរមណីយដ្ឋាន អ្នកមិនពាក់ម៉ាស់មិនឲ្យចូលដាច់ខាត ហើយសង្កេតឃើញថា ភ្ញៀវទេសចរមានការយល់ដឹង និងបានអនុវត្តតាមវិធានសុវត្ថិភាពច្រើន ប៉ុន្តែឃើញមួយចំនួនក៏ពួកគាត់ដោះម៉ាស់ចេញរយៈពេលខ្លីនៅពេលថតរូប ក្រោយពេលថតរូបហើយពួកគាត់ពាក់ម៉ាស់ធម្មតាវិញ ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរីកាលពីអំឡុងដើមឆ្នាំ២០២០នៅមានអ្នកទេសចរច្រើនមកកម្សាន្តជាធម្មតា ប៉ុន្តែក្រោយពីពេលនោះមក ជំងឺកូវីដ១៩បានរាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យចំនួនអ្នកទេសចរធ្លាក់ចុះរហូត ទើបតែបុណ្យភ្ជុំបិណ្ឌនេះទេ ដែលខេត្តមណ្ឌលគិរីមានកំណើនទេសចរឡើងវិញ ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews