30 C
Phnom Penh
Saturday, July 27, 2024

ព្រឹកស្អែកវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់កម្ពុជា

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានដឹងថា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវ៉ាក់សាំងទាំងនេះ ទុកសម្រាប់ ចាក់ជូន កុមារអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ។
លោកស្រីបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃសរុបចំនួន ៣៥លាន ៥សែនដូសហើយ។
លោកស្រីយក់ សម្បត្តិ បានបញ្ជាក់ទៀតថា នៅក្នុងខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជាយើងក៏នឹង ទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិន ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចំនួន ៣លានដូសបន្ថែម ទៀត ផងដែរ។

សូមជម្រាបថា ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦លាន ៨ សែនដូសហើយ។
ទន្ទឹមនឹងនេះ នាពេលកន្លងមក លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ធ្លាប់បានអះអាងថា ប្រសិនជំងឺកូវីដ១៩ នៅតែរាតត្បាតពិភពលោកនិងប្រទេសកម្ពុជា ប្រទេសចិននឹងនៅបន្តជួយកម្ពុជាទាំងការផ្តល់វ៉ាក់សាំង និងជួយសម្រួលការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិន ដើម្បីឱ្យប្រជាពលកម្ពុជាមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ ។

សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
អត្ថបទនឹងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img