ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នៅថ្ងៃទី១៦ ខែសីហា។ នេះបង្ហាញពីអត្ថន័យសំខាន់នៃ“នាវាមិត្តភាព” រវាងចិន និងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ បើយោងតាមផេកហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជា។
គម្រោងពហុកីឡាដ្ឋាន ខាងលើនេះ មានទំហំផ្ទៃដីប្រមាណ១៦. ២២ហិកតា ទំហំសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ។ ជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋាននេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិ ក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។


ពហុកីឡាដ្ឋានជាតិមរតកតេជោ នឹងក្លាយជាពហុកីឡាដ្ឋាន ដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ខាងមុខនេះ។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននាពេលបច្ចុប្បន្ន និងជាសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” រវាងចិន និងកម្ពុជា៕




អត្ថបទ និងរូបភាពដោយ៖ Puthi News