នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) កាលពីថ្ងៃចន្ទ បាននិយាយថា មួយភាគបីនៃពលរដ្ឋពេញវ័យអ៊ីស្រាអែលដែលមានអាយុលើសពី ៦០ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ ក្នុងគ្រាដែលប្រទេសមួយនេះកំពុងតស៊ូទប់ទល់នឹងការកើនឡើងនៃករណីឆ្លងថ្មី។
លោក បេនណេត បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ពលរដ្ឋវ័យចំណាស់អ៊ីស្រាអែលប្រហែល ៤២ម៉ឺននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញប្រសិទ្ធភាពរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) កាលពីសប្ដាហ៍មុន។
អ៊ីស្រាអែលបានក្លាយជាប្រទេសនាំមុខគេក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមានការឆ្លងរាតត្បាតដោយមានពលរដ្ឋ ៥លាន៤សែននាក់នៃពលរដ្ឋសរុបចំនួន ៩លាន៣សែននាក់បានចាក់វ៉ាក់សាំងពេញលេញ។

ប៉ុន្តែដោយសារការចូលសម្រាកព្យាបាលវីរុសកូវីដ-១៩ ក្នុងមន្ទីរពេទ្យបានកើនឡើងដែលករណីស្ទើរតែទាំងអស់គឺដោយសារវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា (Delta) នោះ រដ្ឋាភិបាលបានឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងតម្រូវឲ្យពាក់ម៉ាសឡើងវិញ។
ករណីឆ្លងថ្មីបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយអ្នកជំងឺខ្លះបានធ្លាក់ខ្លួនឈឺ បើទោះបីជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូសរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) ហើយក៏ដោយ។
រដ្ឋាភិបាលអ៊ីស្រាអែលកាលពីសប្តាហ៍មុនបានអំពាវនាវឱ្យនិយោជកប្តូរទៅធ្វើការពីផ្ទះ និងរឹតបន្តឹងការដើរហើររបស់ពលរដ្ឋដោយបានព្រមានថាអាចនឹងដាក់ចេញវិធានការបិទខ្ទប់ប្រសិនបើករណីឆ្លងថ្មីនៅតែបន្តឆ្លងរីករាលដាល៕


អត្ថបទ និងរូបភាពដោយ Puthi News