30 C
Phnom Penh
Saturday, July 27, 2024

ពលរដ្ឋស្រុកអូរាំងឪ ២៩គ្រួសារ ទទួលបានពូជត្រី ចំណី និងថ្នាំព្យាបាលពី គម្រោង ASPIRE

ស្តាប់អត្ថបទជាសម្លេង

ត្បូងឃ្មុំ៖ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ  ដែលជាអ្នកចិញ្ចឹមសត្វត្រី លោក ពាង ណារិទ្ធិ អភិបាលរងខេត្តត្បូងឃ្មុំ បាននាំយកត្រីពូជ ចំណីត្រី និងថ្នាំព្យាបាលជំងឺត្រី ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅប្រគល់ជូនដល់ ប្រជាពលរដ្ឋជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំចំនួន២៩គ្រួសារ។ 

លោក ពាង ណារិទ្ធិ បានលើកឡើងថា នេះជាការរួមចំណែកដោះស្រាយ ការលំបាកក្នុងការទិញរបស់ពលរដ្ឋសម្រាប់ការចិញ្ចឹមត្រី ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ក្នុងសភាពការណ៍វិបត្តិរាលដាលកូវីដ-១៩ ។ ពូជត្រី និងសម្ភារទាំងនេះ  ជាការយកចិត្តទុកដាក់គិតគូរពីប្រមុខរាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដូច្នេះ សមាជិកបណ្តុំអាជីវកម្ម ត្រូវប្រឹងប្រែងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់បង្កបង្កើតឱ្យក្លាយជាចំណូល និងដើមទុនពង្រីកទំហំការចិញ្ចឹមត្រីបន្តទៀត ឱ្យកាន់តែធំ  និងទទួលបានបរិមាណផលច្រើន សម្រាប់បរិភោគប្រចាំថ្ងៃផង  និងអាចលក់បានជាចំណូលទ្រទ្រង់ជីវភាពគ្រួសារផង។ 

ជាមួយគ្នានេះ  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាគម្រោងមួយរបស់រាជរដ្ឋាភិបាល ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ទីរកសិកម្ម ជាភ្នាក់ងារអនុវត្តផ្ទាល់នៅមូលដ្ឋាន។ គោលបំណងរបស់គម្រោងគឺការសម្របសម្រួលចងក្រងកសិករ  និងអ្នកពាក់ព័ន្ធ ជាបណ្តុំអាជីវកម្ម ហើយបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ក្នុងការចិញ្ចឹមត្រី ដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនផលិតភាពកសិកម្ម កាត់បន្ថយថ្លៃដើមផលិត ពង្រីកអំណាចចចារតម្លៃ និងនិរន្តរភាពទីផ្សារ។ 

សូមបញ្ជាក់ថា  កាលពីឆ្នាំ២០២០ ក្នុងខេត្តត្បូងឃ្មុំ បានរៀបចំបណ្តុំអាជីវកម្មបានចំនួន៤៩បណ្តុំ ដែលមានសមាជិក២ ០៨១គ្រួសារ។ ចំណែកនៅឆ្នាំ២០២១  ខេត្តត្បូងឃ្មុំ នឹងរៀបចំបណ្តុំអាជីវកម្មចំនួន៣៩បណ្តុំ ដែលមានសមាជិកចំនួន១ ២៣២គ្រួសារ។ ក្នុងដំណើរការគម្រោងនេះ កម្មវិធី នឹងផ្តល់ភាគទុនសហវិនិយោគ ទៅតាមទំហំផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មម្នាក់ៗ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img