30 C
Phnom Penh
Saturday, July 27, 2024

ពលរដ្ឋសម្រុកទៅចាក់វ៉ាកសាំងកូវីដ-១៩ដូសទី៣ នៅតាមខណ្ឌនីមួយៗ នៃយុទ្ធនាថ្ងៃដំបូងក្នុងរាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ក្រោមយុទ្ធសាស្ត្រផ្ការីករបស់សម្តេច កេជោ ហ៊ុន សែន បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅតាមមណ្ឌលសុខភាព និងសាលារៀនមួយចំនួន ក្នុងរាជធានីភ្នំពេញ ដោយប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ទៅតាមការជូនដំណឹងរបស់អាជ្ញាធររាជធានីភ្នំពេញ។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ គេសង្កេតឃើញប្រជាពលរដ្ឋបានធ្វើដំណើរទៅចាក់វ៉ាក់សាំងនៅតាមទីតាំងផ្សេងៗនៅក្នុងមូលដ្ឋានដែលនៅជិតទីលំនៅរៀងៗខ្លួន ដែលអាជ្ញាធរក៏ដូចជាក្រុមគ្រូពេទ្យបានធ្វើការរៀបចំ និងបែងចែកទៅតាមខណ្ឌ និងសង្កាត់នីមួយៗ ក្នុងនោះសង្កេតឃើញថា ប្រជាពលរដ្ឋបានយកចិត្តទុកដាក់ក្នុងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលក៏ដូចជាអនុវត្តអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ។

សូមបញ្ញាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំង១៤ខណ្ឌ ឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី៣(ដូសជំរុញ)ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅក្នុងមូលដ្ឋាន ១១ខណ្ឌ (សម្រាប់ប្រជាពលរដ្ឋដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២) ចាប់ផ្តើមនៅវេលាម៉ោង ១៤:០០នាទី រសៀល រួមមាន ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ (ចំពោះប្រជាពលរដ្ឋដែលធ្លាប់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ ត្រូវទៅទទួលវ៉ាក់សាំងនៅទីតាំងដែលក្រុមគ្រូពេទ្យ យោធាបានរៀបចំសម្រាប់ដូសជំរុញ) ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងចាប់ផ្តើមនៅវេលាម៉ោង ៨:០០នាទីព្រឹក រួមមាន ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ។

ដោយឡែក សម្រាប់មូលដ្ឋានខណ្ឌចំនួន ៣ រួមមាន ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅចាប់ដំណើរការចាក់វ៉ាក់សាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ សម្រាប់ប្រជាពលរដ្ឋដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់ វ៉ាក់សាំងដូសទី២ ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

ចំពោះប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ពោលគឺ ធានានូវគម្លាតរយៈពេល ៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img