ស្តាប់អត្ថបទជាសំឡេង
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងតំបន់លិចទឹក ពិសេសនៅតាមដងទន្លេមេគង្គ ក្នុងស្រុកត្បូងឃ្មុំ ដែលមានដីស្រែចម្ការ ចាប់ផ្តើមដាំដុះដំណាំផ្សេងៗ ហើយមួយចំនួនតូចនៅមិនទាន់ហ៊ានប្រថុយដាំនៅឡើយទេ។ ការនេះដោយស្ថានភាពទឹកទន្លេមេគង្គនៅមិនទាន់ស្រកអស់ដូចរាល់ឆ្នាំ ខណៈដែលកម្ពស់ទឹកទន្លេមេគង្គគិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មានកម្ពស់ ១១,៤៣ម៉ែត្រ ដោយកម្ពស់ទឹកនេះ នៅតាមព្រែក និងបឹងខ្លះ នៅជន់លិចនៅឡើយ។
លោក សេង ហន់ រស់នៅភូមិជ្រោយគរ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ដែលមានដីស្រែជិត ៥ហិកតា ក្នុងតំបន់ដែលអាចជនលិច បានរៀបរាប់ថា លោកបានចាប់ផ្តើមធ្វើស្រូវវស្សាលើកទី២ហើយ បន្ទាប់ពី
ស្ថានភាពទឹកទន្លេមេគង្គមិនហក់ឡើងខ្លាំងមកដល់ស្រែរបស់លោកដូចរាល់ឆ្នាំ ព្រោះជាទូទៅឱ្យតែនៅចុងខែកញ្ញា ឬខែតុលា ទឹកចាប់ផ្តើមស្រកទៅវិញហើយ។ បើទឹកទន្លេមេគង្គហក់ឡើងជនលិចតាមរដូវកាល ប្រជាជនដែលមានដីស្រែចម្ការ នៅតំបន់ជនលិចមិនមានការព្រួយបារម្ភនោះទេ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំនេះទឹកឡើងចុះមិនទៀងទាល់តែសោះ។ ដូច្នេះហើយសម្រាប់លោក និងប្រជាកសិករផ្សេងៗទៀតក៏មានការព្រួយបារម្ភខ្លះដែរចំពោះការជនលិចដោយជំនន់ទន្លេមេគង្គ។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋមួយចំនួនទៀតដែលរស់នៅឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ពោលគឺ ជាប់នឹងដងទន្លេមេគង្គ បានរៀបរាប់ដែរថា ទឹកទន្លេ២ឆ្នាំមកនេះឡើងចុះមិនទៀងនោះទេ ខណៈអ្នកខ្លះដែលមានដីស្រែចម្ការនៅកន្លែងមិនលិចទឹកបានចាប់ផ្តើមដាំដុះបណ្តើរៗហើយ ដូចជាពោតស និងស្រែជាដើម តែយ៉ាងណាពួកគាត់នៅតែបារម្ភខ្លាចទឹកទន្លេឡើងជនលិចផលដំណាំអស់។ ដោយឡែកសម្រាប់ដំណាំពោតក្រហមវិញ កសិករមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះជាទូទៅប្រជាជនចាប់ផ្តើមដាំនៅដើមខែវិច្ឆិកា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ទឹកទន្លេមេគង្គមានកម្ពស់ ១១,៤៣ម៉ែត្រ ទាប់ជាងថ្ងៃទី២៨ ចំនួន ០,៤៣ម៉ែត្រ ខណៈឆ្នាំមុនទឹកមានកម្ពស់ ៩,១៤ម៉ែត្រ។ ទោះយ៉ាងនេះក៏ដោយ នៅចុងខែកញ្ញា ឆ្នាំ២០២១ ក្នុងខេត្តត្បូងឃ្មុំ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលអំណោយផលយ៉ាងល្អសម្រាប់ប្រជាកសិករធ្វើស្រែចម្ការ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News