30 C
Phnom Penh
Tuesday, October 8, 2024

ពលរដ្ឋមកពីមូលដ្ឋានស្រុកចំនួន០៤ សម្រុកមកចាក់វ៉ាក់សាំងនៅភូមិអណ្តូងទឹក លើសពីការគ្រោងទុក

កោះកុង៖ ប្រជាពលរដ្ឋផ្អើលឈូរឆរ រាប់រយនាក់ ធ្វើដំណើរតាមរថយន្ត និងម៉ូតូ សម្រុកមកចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាភូមិអណ្តូងទឹក ស្ទើរគ្មានកន្លែងទទួល។ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ មានប្រជាពលរដ្ឋ មកពីមូលដ្ឋានស្រុកចំនួន០៤បានសម្រុកមកចាក់វ៉ាក់សាំង កើនឡើងដល់ជិត១,០០០នាក់ ក្នុងមួយថ្ងៃ។

នេះគឺជាការបើកយុទ្ធនាការវគ្គទី០៣ ដូសទីមួយ គ្រាដែលប្រជាពលរដ្ឋ មួយចំនួនលោកខកខានមិនបានអញ្ជើញមកចាក់វ៉ាក់សាំងទាំងពីរលើក នាពេលកន្លងមក។ លោក សាង ស៊ីណេត អភិបាលរងស្រុកបុទុមសាគរ ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង ប្រាប់ឱ្យ ពុទ្ធិញូវ ដឹង នៅថ្ងៃនេះថា មូលហេតុដែលមានពលរដ្ឋជាច្រើននាក់មកពីបណ្តាស្រុកផ្សេងៗ សម្រុកមកចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋាននេះ ដោយសារតែមូលដ្ឋានភូមិអណ្តូងទឹក ជាចំណុចទីតាំងមានអំណោយផលល្អ ងាយស្រួលក្នុងការធ្វើដំណើរពោលគឺ វាជាចំណុចកណ្តាលរវាងស្រុកចំនួន០៤ទៀត មានស្រុកកោះកុង ស្រុកគីរីសាគរ តំបន់ជីផាតស្រុកថ្មបាំង និងស្រុកស្រែអំបិល ផងដែរ។

លោកអភិបាលរងស្រុកបន្តថា ពាក់ព័ន្ធនឹងផែនការចាក់វ៉ាក់សាំងវគ្គទី០៣ អាជ្ញាធរជំនាញ កត់សម្គាល់ឃើញថាប្រជាពលរដ្ឋមានការផុសផុលខ្លាំងក្នុងពេលនេះ ហើយលោកលោកអភិបាលរងស្រុករំពឹងថា០២ថ្ងៃទៀតប៉ុណ្ណោះ យុទ្ធនាការអាចនឹងបញ្ចប់មុនកាលកំណត់គិតចាប់ពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លើផែនការសរុប ១២៩៣នាក់ ។

សូមបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងនេះ អាចប្រព្រឹត្តទៅបានដោយមានការដាក់ចេញនូវផែនការ របស់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៃតំបន់ប្រតិបត្តិសឹករងខេត្តកោះកុង សម្រេចលទ្ធផលយ៉ាងលឿនបំផុតជិតមួយពាន់នាក់ក្នុងមួយថ្ងៃ៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img