ស្តាប់អត្ថបទជាសម្លេង
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបាននិងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទចនស៊ុន ចនសុន(johnson johnson)ដល់ប្រជាពលរដ្ឋក្នុងឃុំជាំសង្កែ ដែលជាឃុំដាច់ស្រយាលមួយក្នុងស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ថា នេះជាការគិតគូយ៉ាងយកចិត្តដាក់ និងត្រឹមត្រូវពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋឥតប្រកាន់និន្នាការឡើយ។ ការដែលបញ្ជូនក្រុមគ្រូពេទ្យឱ្យចូលទៅចាក់ដល់ក្នុងឃុំ ដោយយល់ឃើញថា ពលរដ្ឋរស់នៅឆ្ងាយចុងកាត់មាត់ញ៉ក ពិបាកក្នុងការធ្វើដំណើរទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យពួកគាត់មានឱកាសបានទៅចាក់ថ្នាំបង្ការនេះបានគ្រប់ៗគ្នា។ មួយវិញទៀត វ៉ាក់សាំងដែលបានជូនដល់ពួកគាត់ ជាវ៉ាក់សាំងប្រភេទចនស៊ុន ចនសុន(johnson johnson)របស់សហរដ្ឋអាមេរិក ចាក់ជូនដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះឡើយ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមគ្រូពេទ្យរបស់មន្ទីរបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឃុំនេះបានចំនួន២ថ្ងៃមកហើយ បើគិតពីចំនួនដែលបានចាក់មកទល់ថ្ងៃនេះបានចំនួនជិត១០០នាក់ ហើយ ដោយក្នុងនោះក្រុមគ្រូពេទ្យបានចាក់លើពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងរហូតដល់មនុស្សចាស់។ ចំពោះយុទ្ធនាការចាក់នេះ បើគិតមកទល់ថ្ងៃនេះប្រជាពលរដ្ឋសរុបក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺដែលបានចាក់វ៉ាក់សាំងបង្ការរួចហើយបាន ៧៧,២០ភាគរយ ហើយចំពោះចំនួនដែលនៅសេសសល់ក្រុមគ្រូពេទ្យ នឹងបន្តយុទ្ធនាការទៅដល់មូលដ្ឋានភូមិឃុំដែលពលរដ្ឋរស់នៅ ដើម្បីផ្តល់ភាពងាយស្រួលឱ្យពួកគាត់មានលទ្ធភាពនាំគ្នាទៅចាក់ឱ្យបានគ្រប់ៗគ្នា៕
អត្ថបទ និងរូបភាពដោយ៖ Puthi News