32 C
Phnom Penh
Wednesday, October 5, 2022

ពលរដ្ឋនៅក្នុងឃុំបណ្តែតទឹកចំនួន២របស់ស្រុកឯកភ្នំខេត្តបាត់ដំបងទទួលបានការប្រើប្រាស់ទឹកស្អាតជាលើកដំបូង

បាត់ដំបង៖ ដើម្បីឆ្លើយតបតាមតម្រូវការនៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងឃុំ ព្រៃចាស់ និងឃុំកោះជីវាំង ដែលជាឃុំបណ្តែតទឹករបស់ស្រុកឯកភ្នំ មានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់នោះ អង្គការហ្គូដណេប៊ឺសកម្ពុជា បានបង្កើតនូវកម្មវិធីទឹកស្អាត និងអនាម័យ ដោយមានអគារសម្រាប់ធ្វើការងារចំនួន១កន្លែងនិងស្ថានីយ៍ផលិតទឹកស្អាតចំនួន៤កន្លែង មានទីតាំងនៅតាមឃុំគោល​ដៅ​ទាំង២នេះ ដោយចំណាយអស់ថវិកាជិត២០ម៉ឺនដុល្លា សម្រាប់បម្រើដល់វិស័យទឹកស្អាតជូនប្រជាពលរដ្ឋនៃឃុំបណ្តែកទឹកទាំង២នេះបានប្រើប្រាស់។

នៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការនៃអគារកម្មវិធីទឹកស្អាតនិងអនាម័យ ដែលមានទីតាំងស្ថិតនៅតំបន់លិចទឹក នៃភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកស្រី ភាជ សុខា ប្រធានគម្រោងរបស់អង្គការហ្គូតណេប៊ឺសកម្ពុជាស្រុកឯកភ្នំ និងលោក អ៊ុយ ណារ៉ុង សមាជិកក្រុមប្រឹក្សាឃុំព្រៃចាស់ បានឲ្យដឹងថា អគារនេះនឹងចូលរួមលើកកម្ពស់ដល់ការទទួលបានទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋ និងកុមារក្នុងសហគមន៍ ។

ប្រធានគ្រប់គ្រងទូទៅអង្គការហ្គូតណេប៊ឺសកម្ពុជា លោក ចាន់ សម្បត្តិ បានបញ្ជាក់ថា នេះគឺជាមោទនភាពមួយសម្រាប់ស្រុកឯកភ្នំ ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំព្រៃចាស់ និងឃុំកោះជីវាំង ដែលធ្លាប់តែមានកង្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃអីឡូវយើងមានទឹកស្អាតប្រើប្រាស់ នឹងបានដាក់ឱ្យដំណើរការជូនប្រជា​ពលរដ្ឋ​នាពេលនេះ ។

អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតមាននៅក្នុងស្រុកឯកភ្នំ ហើយនេះគឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់អង្គការហ្គូដណេប៊ឺសកម្ពុជា មានកម្មវិធីអភិវឌ្ឍន៍សហគមន៍ លើបញ្ហាទឹកស្អាតនៅតំបន់បឹងទន្លេសាប ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បឹងទន្លេសាបនៃស្រុកឯកភ្នំ ។

លោក បានបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យនោះ អង្គការសង្គមស៊ីវិល គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាដៃគូរមិនអាចអត់បានក្នុងការចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការកសាងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងនៅទីប្រជុំជន និងនៅជនបទផងដែរ ៕

អត្ថបទ នឹង រូបភាពដោយ៖ Puthinews

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត