ស្តាប់អត្ថបទជាសម្លេង
បន្ទាយមានជ័យ៖ នៅក្នុងរដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ធ្វើឱ្យដំណាំស្រូវមានការលូតលាស់ល្អ ហើយប្រជាកសិករដែលប្រកបរបរដាំដំណាំស្រូវ កំពុងសប្បាយចិត្ត។ ដោយឡែកចំពោះអ្នកដាំដំណាំដំឡូងមីវិញ កំពុងតែព្រួយបារម្ភទៅវិញ ដោយសារដំណាំនេះមិនត្រូវការទឹកជោរជន់លិចនោះទេ ខណៈទឹកភ្លៀងកំពុងបន្តធ្លាក់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ អាចនឹងបណ្ដាលឱ្យរលួយមើមខូតខាតធ្ងន់ធ្ងរ។
ប្រជាកសិកររស់នៅភូមិឃុំកោះស្នួល ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យគឺ លោក រឿន ចាន់ថន អាយុ ៤០ឆ្នាំ បានលើកឡើងថា ជំនន់ទឹកភ្លៀងកំពុងវាយប្រហារមកលើស្រុកនេះ បណ្ដាលឱ្យដំណាំដំឡូងមីរបស់ពួកគាត់រងការខូចខាតយ៉ាងដំណំ ជាពិសេសនៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងអាចនឹងត្រូវបានខូចខាតធ្ងន់ធ្ងរ។
កសិកររូបនេះបានបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់រូបគាត់ដែលធ្វើដំណាំដំឡូងមីដោយចាប់ផ្ដើមដាំនៅក្នុងខែមករា រហូតមកដល់ពេលនេះជិតបានទទួលផលទៅហើយក៏ស្រាប់តែមានជំនន់ទឹកភ្លៀងធ្លាក់ច្រើនពេកធ្វើឱ្យ ដំឡូងត្រូវរលួយអស់ជាបណ្តើរៗចំនួនជាង ៣រ៉ៃហើយ។ នៅពេលនេះគាត់កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែទឹកភ្លៀងនៅតែបន្តធ្លាក់ទៀត ហើយផលដំណាំរបស់គាត់ទាំងអស់នឹងរងការផលប៉ះពាល់ខូចខាតទាំងស្រុងតែម្ដង។
ជាមួយគ្នានេះ លោក សុខ ផល ជាកសិកររស់នៅភូមិឃុំជាមួយគ្នាបានរៀបរាប់ឱ្យដឹងដែរថា ឆ្នាំនេះគាត់ពិតជារងគ្រោះធំ ដោយសារតែគាត់បានដាំដំណាំដំឡូងចំនួន០៨ហិតា ឯណោះ ហើយពេលនេះក៏ជួបឧបសគ្គដោយសារតែមានទឹកភ្លៀងធ្លាក់ និងជំនន់ទឹកភ្លៀងបណ្ដាលឱ្យដំឡូងរបស់គាត់ត្រូវរងការរលួយដើមខូចខាតប្រមាណ៧០ ទៅ៨០ភាគរយ ទៅហើយ បើនៅតែមានភ្លៀងធ្លាក់បែបនេះបន្តទៀតប្រហែលជាដើមដំឡូងទាំងអស់នឹងត្រូវរលួយខូចអស់តែម្ដង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ាង វណ្ណសេត ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ពិតជាមានការខូចខាតដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនពិតមែន ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកនិងមានជំនន់ទឹកភ្លៀងផងនោះ។ ទោះយ៉ាងនេះក៏ដោយ វាមិនមានរងផលប៉ះពាល់ដល់ដំណាំប្រជាពលរដ្ឋច្រើននោះទេ គឺប៉ះពាល់តែដំណាំដំឡូងរបស់ពលរដ្ឋដែលដាំនៅក្បែរបន្ទាត់ព្រំដែនដែលមានទឹកអូរហូរកាត់តែប៉ុណ្ណោះ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News