31 C
Phnom Penh
Monday, November 11, 2024

ពលរដ្ឋជិត១ពាន់គ្រួសារត្រូវបានជម្លៀសដោយសារទឹកជំនន់ ធ្ងន់ធ្ងរ នៅខេត្តបន្ទាយមានជ័យ ស្រុក-ក្រុងចំនួន២

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ ទោះបានស្រកចុះវិញបន្តិចហើយក៏ដោយ តែនៅតែមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ ជាក់ស្តែង ស្រុក/ក្រុងចំនួន២ នៅតែមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ ដោយបានប៉ះពាល់ពលរដ្ឋជាង ៥ពាន់គ្រួសារ និងជម្លៀសជិត១ពាន់គ្រួសារ គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកបានស្រកទៅវិញបន្តិចហើយ នៅតាមដងស្ទឹងមង្គលបូរី ត្រង់ចំណុចសំណង់ពោធិ៍២ដើម ឃុំរហាត់ ទឹកមានកម្រិត ៣,៥៨ម៉ែត្រ ទឹកស្រក២ហ៊ុន។ ចំពោះដងស្ទឹងសិរីសោភ័ណកម្រិតទឹកនៅ ៧,៥០ម៉ែត្រ ទឹកស្រក ៧ហ៊ុន។ ស្រុកភ្នំស្រុកអាងត្រពាំងថ្ម កម្រិតទឹកក្នុងអាង ២,០២ម៉ែត្រ ទឹកស្រក២ហ៊ុន។

យោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទូរទាំងខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២១ រងគ្រោះដោយទឹកជំនន់ ប៉ះពាល់ចំនួន ៦ស្រុក/ក្រុង ស្មើនឹង៣៨ឃុំ/សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៨,៧១៥គ្រួសារ និងត្រូវជម្លៀសរកទីទួលសុវត្ថិភាពចំនួន ១,១៥០នាក់ លិចស្រូវចំនួន ២៥,២២៣ហិកតា ដំណាំរួមផ្សំចំនួន ៣០១ហិកតា ប៉ះពាល់សាលារៀន ២៦កន្លែង លិចវត្តចំនួន ៩កន្លែង លិចមណ្ឌលសុខភាព ២កន្លែង។
សូមបញ្ជាក់ថា ក្នុងចំណោម៦ស្រុក/ក្រុងដែលរងគ្រោះទឹកជំនន់ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មានស្ថានភាពធ្ងន់ធ្ងរមានចំនួន ២ស្រុក/ក្រុង។ ចំពោះក្រុងសិរីសោភ័ណ បានប៉ះពាល់ទាំង៧សង្កាត់ ស្មើនឹង ៣៦ភូមិ លិចលង់ប្រជាពលរដ្ឋចំនួន ២,៣៤៩គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ៩,៤៥៩នាក់ ជម្លៀសរកទីទួលសុវត្ថិភាពចំនួន ៦៤៩គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ២,១៧៧នាក់ លិចស្រូវចំនួន ៥,៣៨២ហិកតា លិចផ្លូវចំនួន ១២៤ខ្សែរ មានប្រវែង ៨៤,៨៦៨ម៉ែត្រ។

ដោយឡែក ស្រុកមង្គលបូរី ប៉ះពាល់ទាំង ១០ឃុំស្មើនឹង ៦៦ភូមិ លិចលង់ប្រជាពលរដ្ឋចំនួន ២,៨២១គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១៣,០៩១នាក់ ជម្លៀសរកទីទួលសុវត្ថិភាពចំនួន ៣០៩គ្រួសារ ស្មើមនុស្សរាយចំនួន ១,២៦០នាក់ លិចស្រូវ៨,១៩៥ហិកតា លិចផ្លូវចំនួន ១៣១ខ្សែរ ប្រវែង ៧៤,៥៣០ម៉ែត្រ៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img
spot_img