ស្តាប់អត្ថបទជាសំឡេង
បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់ដែលកំពុងគំរាមគំហែងតាមបណ្តាស្រុកមួយចំនួន ពិសេសក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ កំពុងបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋជាង ៣០០គ្រួសារ ហើយអាជ្ញាធរខេត្ត បានសម្រេចជម្លៀសពួកគេទៅកាន់ទីទួលសុវត្ថិភាព កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ និងបានរៀបចំតម្លើងរោងតង់សម្រាប់ទទួលប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ។
យោងតាមការឱ្យដឹងពីលោក រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន ៨ហើយ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានរៀបចំសម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរក៏បានរៀបចំទីបញ្ជាការប្រចាំការជួយសង្គ្រោះ រួមមានក្រុមការងារគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះ មាន កងកម្លាំងយោធភូមិភាគទី៥ កងពលតូចថ្មើរជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ ទោះជាកងកម្លាំងមួយចំនួនកំពុងទប់ស្កាត់ជំងឺកូវីដ-១៩ក៏ដោយ កម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្តជួយសង្គ្រោះប្រពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ មិនឱ្យប្រជាពលរដ្ឋជួបការលំបាកឡើយ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews