ស្តាប់អត្ថបទជាសំឡេង
សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា អភិបាលខេត្ត បានឱ្យដឹងថា ក្នុងអំឡុងពេលដែលក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំនោះ អាជ្ញាធរបានជួយអន្តរាគមន៍ជាស្បៀងអាហារ ដល់ប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ ក្រ២ ក្នុងតំបន់បិទខ្ទប់នេះបានប្រមាណជា៧ពាន់គ្រួសារ។
លោក បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងក្នុងពិធីទទួលអំណោយជាអង្ករ ចំនួន១០តោន ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងសាខាពន្ធដារខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ហើយលោកក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំង២អង្គភាព ផងដែរ។
ក្នុងរយៈពេលបិទខ្ទប់ នៅតំបន់ក្រហមនោះ ត្រូវបានរដ្ឋបាលខេត្តបានផ្តល់នូវស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋក្រ១ ក្រ២ នៅទូទាំងក្រុងសៀមរាប មានប្រមាណជា៧ពាន់គ្រួសារ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក៏ដូចទូទាំងប្រទេស សូមចូលរួមជាមួយអាជ្ញាធរ ក្នុងការអនុវត្តវិធានការឱ្យបានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់ផ្តាច់ ការចម្លងមេរោគដ៏កាចសាហាវនេះ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ ដល់គ្រួសារ ញាតិមិត្តរបស់ខ្លួន ដែលធ្វើឱ្យយើងបាត់បង់នូវពេលវេលា ក្នុងកិច្ចការប្រកបរបរចិញ្ចឹមជីវិត៕
អត្ថបទ និងរូបភាពដោយ៖ Puthinews