26 C
Phnom Penh
Saturday, July 27, 2024

ពលករជិត៥០០នាក់ហើយ ត្រូវបានអាជ្ញាធរសម្របសម្រួលឱ្យចូលមកកម្ពុជាវិញ បន្ទាប់ពីជាប់គាំ២សប្តាហ៍ក្នុងពេលបិទខ្ទប់

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចាប់ផ្តើមទទួលយកពលករដែលមានបំណងចូលមកកម្ពុជាវិញហើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែសីហា មានពលករជិត ៥០០នាក់ហើយ ត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាក មុនពេលបញ្ជូនទៅធ្វើចត្តាឡីស័កបន្តទៀត។ 

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយជ័យ នៃយោធភូមិភាគទី៥ បាននិងកំពុងដឹកនាំក្រុមការងារ រៀបចំយកសំណាកតេស្តរហ័សរកកូវីដ-១៩ មុននឹងបញ្ជូនទៅកាន់មណ្ឌចត្តាឡីស័ក ដែលរដ្ឋបាលខេត្តបានរៀបចំសម្រាប់ទទួលពលករ ហើយក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ ក្រុមការងារ និងយកទៅព្យាបាល នៅមណ្ឌលព្យាបាលភ្លាមៗ។ ចំពោះពលករដែលជាប់គាំនៅច្រកបឹងត្រកួន ស្រុកថ្មពួក និងអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ខេត្តតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាច្រកព្រំដែនមានពលករមកស្នាក់នៅបណ្តោះអាសន្នច្រើនជាងច្រកផ្សេងៗ។ នេះបើយោងតាមរបាយការណ៍ដែលទទួលបានព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ 

លោក អ៊ុំ រាត្រី ក៏បានធ្វើការសំណូមពរ ដល់ពលករដែលចង់វិញត្រឡប់មកកម្ពុជា តាមច្រកព្រំ ដែលអាជ្ញាធរបានរៀបចំទទួលពលករ មានក្រុមការងារនៅទីនោះជួយសម្របសម្រួលជូន ប៉ុន្តែមិនត្រូវលួចចូលតាមច្រករបៀងគេចវែសពីការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡ័ស័ក ដែលមានហានិភ័យខ្ពស់ពីការឆ្លងរាលដាលកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មីប្រភេទDelta។ 

ជាមួយគ្នានេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញវីរុសបំប្លែងថ្មីប្រភេទ Delta ចំនួន៤៣ករណី ក្នុងនោះឆ្លងក្នុងសហគមន៍៧ករណី ឆ្លងមន្ត្រីសុខាភិបាលជួរមុខចំនួន៦នាក់ ក្នុងបំពេញបេសកម្មព្យាបាលអ្នកជំងឺកូវីដ-១៩។ សម្រាប់ទូទាំងប្រទេសកម្ពុជាមេរោគ Delta បានរកឃើញជាង៤០០ករណី ហើយមកដល់ពេលនេះ។ 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេសខេត្តបន្ទាយមានជ័យ ដែលមានច្រកសំខាន់ៗក្នុងការទទួលពលករ ដែលជាប់គាំក្នុងដំណាក់កាលបិទខ្ទប់២សប្ដាហ៍ មានពលករសរុប៤៦៣នាក់ ក្នុងនោះច្រកបឹងត្រកួន ស្រុកថ្មពួក ដែលមានពលករចំនួន៣៣៥នាក់ ច្រកស្រុកម៉ាឡៃចំនួន១០០នាក់ ច្រកស្រុកអូរជ្រៅចំនួន១៨នាក់ និងច្រកប៉ោយប៉ែតចំនួន១០នាក់។ ក្រៅពីនេះពលករបានចាប់ផ្តើមចូលមកកម្ពុជា ជាបន្តបន្ទាប់ ក្រោយពីអាជ្ញាធរបើកច្រកព្រំដែនឡើងវិញ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img