30 C
Phnom Penh
Saturday, July 27, 2024

ផ្សោតឈ្មោលទំងន់ជាង១៦០គីឡូក្រាម និងមានអាយុ២០ឆ្នាំ បានស្លាប់ទៀតហើយនៅខេត្តស្ទឹងត្រែង

      សត្វផ្សោត ឈ្មោលមួយក្បាល  មានទំងន់ជាង ១៦០គីឡូក្រាម ប្រវែង២ម៉ែត្រ.៣៨  អាយុប្រមាណ២០ឆ្នាំ  មានស្នាមជាប់មងនៅផ្នែកកន្ទុយ  ព្រុយចំហៀង និងខាងក្រោមពោះ មានពាក់លេខសម្កល់០៥៦ បានស្លាប់ដោយសារជាប់មង។

     ករណីស្លាប់សត្វផ្សោតនេះ ប្រជាពលរដ្ឋបានប្រទះឃើញ អណ្តែតទឹក នៅវេលា ម៉ោង៦ និង ៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅ តំបន់អភិរក្សអន្លុងសត្វផ្សោត កោះកាំងកូនសត្វ  ឃុំកោះព្រះ ក្នុងស្រុកសៀមបូក  ខេត្តស្ទឹងត្រែង។

      មន្ត្រីឆ្នាំទន្លេ ប្រចាំការនៅអន្លុងត្បូងខ្លា បានបញ្ជាក់ថា៖ មន្ត្រីជំនាញមិនទាន់កំណត់បានថា សត្វផ្សោតឈ្មោលដែលស្លាប់នេះ   វារស់នៅក្នុងអន្លុងផ្សោតណាមួយពិតប្រាកដទេ   ហើយផ្នែកជលផល  បានទាក់ទងទៅអង្គការ WWF  ដើម្បីឱ្យមន្ត្រីជំនាញមកស្រាវជ្រាវ  និងមកធ្វើកោសល្យវិច្ឆ័យ ហើយនាំយកសាកសពសត្វផ្សោតនេះទៅរក្សាទុក។

      លោកស្រីសំ វិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានឱ្យបញ្ជាក់ថា ៖ សត្វផ្សោត ជាធនធានដ៍កម្រត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យលេខ៤៧ អន ក្រ ប កចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យធ្វើការអភិរក្ស   ហើយខណ្ឌជលផលស្ទឹងត្រែង ក៏បានផ្សព្វផ្សាយអនុក្រិត្យនេះទៅដល់ប្រជាអ្នកនេសាទបានទូលាយរួចមកហើយ ដែរ។

      លោកបន្តថា៖ក្រោយពីការផ្សព្វផ្សាយ មិនទាន់បានមួយខែផង  នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ផ្សោតឈ្មោលបានស្លាប់ នៅទន្លេមេគង្គ លើក្នុងភូមិសាស្ត្រទឹកដី ស្រុកសៀម បូកខេត្តស្ទឹងត្រែង   ដោយសារតែមានអ្នកនេសាទ  លួចចូលទៅដាក់មង   ក្នុងតំបន់ស្នូលនិងតំបន់ហាមឃាត់។

       ចំពោះការស្លាប់សត្វផ្សោតឈ្មោល មួយក្បាលនេះ ប្រជាពលរដ្ឋស្នើសុំឱ្យមន្ត្រីជំនាញពាក់ព័ន្ធរឹតបន្តឹងច្បាប់ជលផល   និងចុះធ្វើសកម្មភាព ល្បាតឱ្យបានញឹកញាប់តាមអន្លុងអភិរក្ស    និងមិនអត់ឱនចំពោះជនសង្ស័យណា  យកមង ឬសន្ទូចទៅដាក់ក្នុងតំបន់ហាមឃាត់នោះទៀតទេ   ព្រោះច្បាប់ជលផល  និងអនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការអភិរក្សសត្វអាជ្ញាធរ បានផ្សោយផ្សព្វបានទូលាយរួចមកហើយ។
      
សូមបញ្ចាក់ថា៖ ខេត្តស្ទឹងត្រែង នៅមានអន្លុង អភិរក្សសត្វផ្សោតចំនួន៣ -ទីមួយកោះសន្ទក់- ទី២ អន្លង់កោះកាំងកូនសត្វ -និងទី៣អន្លង់ត្បូងខ្លា   ដែលកំពុង អភិរក្ស និងការពារសត្វផ្សោតដែលនៅសេសសល់មិនដល់ទៅ៣០ក្បាលផង  ហើយបច្ចុប្បន្នបានស្លាប់ជាបន្តបន្ទាប់ទៀត៕ 

ដោយ៖ Puthinews

Puthinews Android app: Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

អានបន្ត

spot_img