30 C
Phnom Penh
Tuesday, October 8, 2024

គ្រឹះស្ថានសិក្សារដ្ឋមួយចំនួននៅភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបើកឱ្យសិស្សចូលរៀនឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ គ្រឺះស្ថានសិក្សារដ្ឋមូយចំនួននៅក្នុងរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបើកទទួលសិស្សានុសិស្សបានចូលរៀនឡើងវិញ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។ នៅតាមវិទ្យាល័យមួយចំនួន អាជ្ញាធរបានសហការ និងដឹកនាំលោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សចូលរួមសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណ និងអាគារសិក្សា ផងដែរ។ 

នាយកសាលាវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ លោក ខាត់ ពែត បានឱ្យដឹងថា លោកបានរៀបចំរួចរាល់ទាំងបញ្ជីឈ្មោះទាំងគ្រូ និងសិស្សនៅតាមថ្នាក់ ដោយកំណត់សិស្សក្នុងមួយថ្នាក់តែចំនួន ១៥នាក់ ប៉ុណ្ណោះ។ សម្រាប់ថ្នាក់ទី៩ ដែលគ្រោងបើកនៅពេលខាងមុខមានចំនួន ៣០ថ្នាក់ និងថ្នាក់ទី១២ មានចំនួន២៩ថ្នាក់។ ក្រៅពីការធ្វើការបោសសម្អាតបរិវរណទីធ្លាសាលា និងការបាញ់ថ្នាំសម្លាប់មេរោគតាមអាគារសិក្សា គណៈកម្មការសាលាក៏បានចាត់ចែងរៀបចំបុគ្គលិកសិក្សាដើម្បីដាក់អាល់កុល និងការពិនិត្យកំដៅមុនចូលក្នុងថ្នាក់សិក្សាដោយអនុវត្តតាមវិធាន ៣កុំ និង៣ការពារ ដើម្បីធានាសុវត្ថិភាពសិស្សដែលចូលរៀនឡើងវិញ។ 

លោកនាយកសាលា បានបន្តទៀតថា សម្រាប់វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ សិស្សមធ្យមសិក្សាបឋមភូមិ បានចាក់វ៉ាក់សាំងទាំង៣លើកបានចំនួន ៧១,១៥ភាគរយ ចំណែកសិស្សកម្រិតទុតិយភូមិចាក់វ៉ាក់សាំងទាំង៣លើកបាន ៨៧,៩៩ភាគរយ ខណៈដែលលោកគ្រូអ្នកគ្រូប្រចាំវិទ្យាល័យទាំងមូលសរុបចាក់បាន ៩៧,៤៧ភាគរយ។ 

ចំណែកវិទ្យាល័យទួលទំពូង ក៏មានការរៀបចំ ដើម្បីបើកសាលាឱ្យសិស្សនបានចូលរៀនវិញផងដែរ ត្រូវបានលោកនាយកវិទ្យាល័យលើកឡើងថា បានរៀបចំ និងត្រៀមរួចរាល់ហើយ។ នេះបើយោងតាមការបញ្ជាក់ពី លោក កុយ សេដា នាយកវិទ្យាល័យទួងទំពូង។ បច្ចុប្បន្នខាងសាលាបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ០៣ដង រួចមកហើយ នៅតាមអគារសិក្សា ហើយក្នុងចំណោមលោកគ្រូអ្នកគ្រូចំនួន២១៥នាក់ក្នុងចំណោម២១០នាក់ បានចាក់វ៉ាក់សាំងដូសទី៣ បានរួចរាល់នៅសល់តែ០៥នាក់ ប៉ុណ្ណោះដែលមានជំងឺប្រចាំកាយមិនអាចចាក់វ៉ាក់សាំងបាន ខណ:ចំនួនសិស្សានុសិស្សទាំងអស់នៅក្នុងសាលាបានចាក់វ៉ាក់សាំងប្រមាណ៩៨ភាគរយ នៅសល់២ភាគរយ ដែលជាសិស្សមានជំងឺប្រចាំកាយ។ ក្នុងពេលដែលបើកដំណើរការសាលារៀនឡើងវិញនាពេលខាងមុខ នឹងដាក់ឱ្យមានក្រុមគ្រូពេទ្យប្រចាំការនៅសាលារៀនផងដែរ។ 

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានអប់រំរបស់រដ្ឋចំនួនជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជនមានចំនួនជិត៥០០គ្រឹះស្ថាន។ គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញចាប់ពីថ្ងៃ១៥ ខែកញ្ញា តទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈគ្រប់គ្រាន់របស់ក្រសួងសុខាភិបាល និងជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕ 

អត្ថបទ និងរូបភាពដោយ ពុទ្ធិញូវ

អានបន្ត

spot_img
spot_img