30 C
Phnom Penh
Saturday, July 27, 2024

ផ្លូវឡើងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ស្ថាបនាជិតរួចរាល់ហើយ

ស្តាប់អត្ថបទជាសម្លេង

ខេត្តប៉ៃលិន ៖ នៅចុងសប្ដាហ៍នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលដំណើរការ ស្ថាបនាផ្លូវឡើងទៅរមនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដែលស្ថាបនាចាក់បេតុងមេ ជិតរួចរាល់ហើយមានប្រវែងជាង ២ពាន់ម៉ែត្រ នៅតាមដងផ្លូវចូលទៅក្នុងរមណីយដ្ឋាន ក៏បានកែលម្អធ្វើសួនច្បារដាំផ្កាភ្ញីបន្ថែមនិងតុបតែងផ្កាសិប្បនិម្មិតមួយចំនួន គឺទុកតែដើមឈើហូបផ្លែធំៗ ដូចជាដើមស្វាយ ដើមសាវម៉ាវ និងដើមឈើមានតម្លៃជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ខាងមុខ ។ 

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍ថា ៖  រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺបានខិតខំកសាង និង ឣភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម ។

លោកស្រីបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធសាធារណ:នានាជាច្រើន ជាពិសេសឣភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរឡើងដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិចូលមកលេងកំសាន្តនាឱកាសបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងរដូវភ្ជុំបិណ្ឌជាដើម ក្នុងខេត្តប៉ៃលិនយើងឱ្យកាន់តែច្រើនឡើង ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារជាងមុនផងដែរ ។

ជាការទាក់ទាញភ្ញៀវទេសចរ លោកស្រីអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងពីតំលៃនៃធនធានធម្មជាតិ នាំគ្នាថែរក្សាព្រៃឈើ និងសត្វព្រៃពិសេស គឺនៅតំបន់អភិរក្សនៅជុំវិញរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះតែម្តង។

សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ មានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ប្រមាណ៧ទៅ៨គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនហើយរមណីយដ្ឋាននេះ មានទេសភាពល្អស្រស់ស្អាតជាងគេបំផុតនៅទូទាំងខេត្តប៉ៃលិន មានទឹកជ្រោះ រហូតដល់៧ជាន់ ពេលភ្ញៀវទេសចរចូលទៅងូតលេងកម្សាន្ត ធ្វើឱ្យត្រជាក់ បំបាត់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លាថែមទៀត

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img