30 C
Phnom Penh
Saturday, July 27, 2024

ផ្លូវបេតុងមួយខ្សែ នៅខណ្ឌសែនសុខ រងការខូចខាតក្លាយជាថ្លុករាប់ឆ្នាំមកហើយ តែមិនឃើញជួសជុលឡើងវិញ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលជាអ្នកដំណើរក៏ដូចជាអ្នករស់នៅអមសងខាងផ្លូវបេតុងលេខ៦ ចាប់ពីកែងផ្លូវលេខ៩២ រហូតមកដល់ផ្លូវ សម្តេច ជា ស៊ីម នៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរងការខូចខាតរាប់ឆ្នាំមកហើយ និងក្លាយជាថ្លុកដក់ទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ។ ការនេះ ពលរដ្ឋ បានស្នើដល់អាជ្ញាធរខណ្ឌសែនសុខ និងមន្ទីរសាធារណការ និងដឹកជញ្ជូន ឱ្យជួយចុះពិនិត្យមើល កុំទុកឱ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរបន្ថែមទៀត។

អ្នកស្រី ភឿន ឆាយ៉ា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវបេតុងលេខ៦ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឱ្យដឹងថា គាត់រស់នៅក្នុងភូមិនេះ៧-៨ឆ្នាំមកហើយ ឃើញថា ផ្លូវមួយខ្សែនេះខូចខាតជាយូរមកហើយ តែក៏ឃើញមានក្រុមការងារចុះធ្វើការវាស់វែងផ្លូវនេះ៣ទៅ៤ដងដែរ ប៉ុន្តែនៅមិនទាន់ឃើញមានគ្រឿងចក្រចុះជួសជុលផ្លូវនេះនៅឡើយទេ។ ពីមុនមកប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគោកឃ្លាង ធ្លាប់បានស្នើសុំដាក់ប្រព័ន្ធលូដែរ តែដោយសារផ្លូវមួយខ្សែនេះពីមុនមិនទាន់មានប្រព័ន្ធលូ ឱ្យតែមានភ្លៀងធ្លាក់មកខ្លាំង តែងតែស្ទះទឹក តែឥឡូវមានក្រុមការងារបានចុះដាក់ប្រព័ន្ធលូឃើញថា ពេលមានភ្លៀងធ្លាក់មក ត្រឹមតែកន្លះម៉ោងទឹកហូតអស់ហើយ។ ទោះយ៉ាងនេះក៏ដោយ អ្នកស្រីក៏បានស្នើសុំទៅខាងសាលាខណ្ឌសែនសុខ និងមន្ទីរពាក់ព័ន្ធទាំងអស់ ចុះពិនិត្យជាក់ស្តែង និងជួសជុលផង ព្រោះនៅក្នុងតំបន់នេះ មានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទីបញ្ជាការកងរាជអាវុធហត្ថ និងមន្ទីរសូរិយោដី ហើយតំបន់នេះក៏ជាតំបន់មួយដែលសេដ្ឋកិច្ចល្អផងដែរ។

ជាមួយគ្នានេះ លោក ឈុំ ម៉េងស្រ៊ី ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឱ្យដឹងដែរថា ផ្លូវមួយខ្សែនេះខូចខាតដោយសារតែមានរថយន្តធុនធំៗដឹកធ្ងន់ៗ និងដឹកលើសចំណុះ ដោយសារតែគេមានឃ្លាំងនៅជាប់នឹងផ្លូវបេតុងលេខ៦នេះតែម្តង។ ផ្លូវមួយខ្សែនេះ គាត់ទទួលព័ត៌មានថា មន្ទីរពាក់ព័ន្ធចុះវាស់វែងដែល តែដោយសារតែបរិបទជំងឺកូវីដ-១៩ កើតមានឡើង ក៏ស្ងាត់ទៅវិញ។ អ្នកស្រីសំណូមពរទៅដល់មន្ទីរពាក់ព័ន្ធ ឱ្យជួយចុះមកពិនិត្យ និងជួសជុលឱ្យបានឆាប់ៗ ព្រោះផ្លូវមួយខ្សែនេះរងការខូចខាតខ្លាំងណា។

លោកស្រី ឈិន ហៀង ជាសមាជិកភូមិគោកឃ្លាង ខណ្ឌសែនសុខ បានឱ្យដឹងថា ផ្លូវមួយខ្សែនេះចាប់ផ្តើមខូចជាយូរមកហើយ។ ចំពោះមូលហេតុដែលធ្វើឱ្យផ្លូវនេះខូច ដោយសារតែមិនមានលូនៅចំហៀងផ្លូវទេ ហើយមានរថយន្តធុនធំបើកឆ្លងកាត់ច្រើន។ ផ្លូវនេះជាគម្រោងរបស់សាលាខណ្ឌសែនសុខ និងធ្លាប់ជួសជុល២ដងរួចមកហើយ។

ចំណែកលោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានឱ្យដឹងថា ផ្លូវបេតុងលេខ៦នេះ បានធ្វើសំណើរទៅថ្នាក់លើអស់ហើយ ដើម្បីសុំការជួសជុល។ ផ្លូវនេះមានគម្រោងជួសជុលហើយតែមិនទាន់ច្បាស់ ហើយក៏កំពុងតែពិនិត្យមើលស្ថានភាពផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ដើម្បីធ្វើការជួសជុលឱ្យបានឆាប់រហ័ស។

ពាក់ព័ន្ធនឹងករណីផ្លូវខូចមួយខ្សែនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឱ្យដឹងថា ចំពោះការជួសជុលផ្លូវនេះ ត្រូវការប្រើប្រាស់ថវិកាច្រើន ព្រោះជាផ្លូវបេតុងត្រូវការគាស់ចោល។ ដូចនេះលោកបានឱ្យក្រុមការងារចុះទៅសិក្សា ហើយចាក់ថ្មម៊ិចឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នសិន ដើម្បីកុំឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅមានគ្រោះថ្នាក់។

សូមបញ្ជាក់ថា នាពេលកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានត្រង់ៗទៅអភិបាលគ្រប់ខណ្ឌក្រោមឱវាទ តម្រូវឱ្យមានការទទួលខុសត្រូវ ជាពិសេសលើការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ បើការងារនេះធ្វើមិនបានទេ មានន័យថា អសមត្ថភាព អញ្ចឹងគួរដើរចេញតែម្តងទៅ ទុកឱ្យគេមានសមត្ថភាពធ្វើវិញម្តង៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img