ស្តាប់អត្ថបទជាសម្លេង
បន្ទាយមានជ័យ៖ ផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ស្រុកថ្មគោលខេត្តបាត់ដំបង ដែលមានប្រវែងជាង៤០គីឡូម៉ែត្រ ដែលជាហិរញ្ញប្រទានរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានកសាងរួចរាល់១០០ភាគរយហើយ និងគ្រោងប្រគល់ជូនដាក់ឱ្យដំណើរការចរាចរណ៍ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា ផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដល់ប្រទល់ស្រុកថ្មគោលខេត្តបាត់ដំបង ដែលមានប្រវែងជាង៤០គីឡូម៉ែត្រនេះ ស្ថាបនាដោយក្រុមហ៊ុនចំនួនពីរ ក្រោមគម្រោងបច្ចេកទេសរបស់ប្រទេសជប៉ុន ដែលជាប្រភេទផ្លូវ៤កន្លង(២ទៅ២មក) និងមានសួនច្បាកណ្តាល ដែលកសាងនៅឆ្នាំ២០១៦ ហើយរួចរាល់ជាស្ថាពរនៅឆ្នាំ២០២១។
លោក សុក ចាន់ថា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងកសាងផ្លូវជាតិលេខ៥ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ដែលមានប្រវែងជិត៤០គីឡូម៉ែត្រ បន្ថែមទៀត ដែលគ្រោងនឹងស្ថាបនានៅដើមឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News