30 C
Phnom Penh
Saturday, July 27, 2024

ផ្លូវកៅស៊ូ១ខ្សែ ក្នុងក្រុងប៉ៃលិន ទទួលរងការខូចខាត ដោយ​សារ​ រថយន្តដឹកទំនិញរបស់ក្រុមឈ្មួញដឹកដែក​ ស៊ីម៉ងត៍​ និងខ្សាច់ មានទម្ងន់រាប់តោន

ស្តាប់អត្ថបទជាសម្លេង

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការ​សោកស្តាយចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ គឺផ្លូវក្រាលកៅស៊ូ១ខ្សែ និងផ្លូវលំក្រាលគ្រួសក្រហម១ខ្សែជាប់គ្នា កំពុងទទួលរងការខូចខាតជាបណ្តើរៗ ដោយសារតែរថយន្តយីឌុប សណ្តោងរ៉ឺម៉ក(រថយន្ត​ថៃ)​ដឹកដែក ស៊ីម៉ង់តិ៍ និងខ្សាច់របស់ក្រុមឈ្មួញមួយចំនួន រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន កំពុងនាំគ្នាដឹកយ៉ាងគគ្រឹកគគ្រែង​ ដែល​មានទម្ងន់រាប់តោន បណ្តាលឱ្យក្លាយទៅជាជង្ហុកតូច​ ធំ រីឯអាជ្ញាធរក្រុងប៉ៃលិន បានឆ្លើយយ៉ាងខ្លីថាអត់ទាន់ដឹងរឿងនេះទេ ។ 

ហេតុការណ៍រថយន្តយីឌុបសណ្តោងរ៉ឺម៉កដឹកទំនិញបង្កឱ្យមានការខូចផ្លូវក្រាលកៅស៊ូ និងផ្លូវលំ ក្រាលគ្រួសក្រហមនេះ ស្ថិតនៅចំណុចផ្លូវប៉េអឹម​ (PM) ក្នុងភូមិអូរតាពុកក្រោម សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ​ បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងឱ្យដឹងថា ៖ តាំងពីយូរណាស់មកហើយ ដែលពួកគាត់សង្កេតឃើញមានរថយន្តយីឌុបខ្នាតយក្សសណ្តោងរ៉ឺម៉ករបស់ថៃ ដឹកទំនិញធ្ងន់ៗ ដូចជា ដែក ស៊ីម៉ង់តិ៍ និងរថយន្តដឹកខ្សាច់ជាដើម ចូលមកក្នុងក្រុងប៉ៃលិនយ៉ាងរលូន ជាហេតុធ្វើឱ្យផ្លូវក្រាលកៅស៊ូ ដែលធ្លាប់តែបើកបរម៉ូតូ និងរថយន្តយ៉ាងស្រួលបែរជាក្លាយទៅជាជង្ហុកតូចធំ បង្កគ្រោះថ្នាក់ចរាចរណ៍ដួល ឬប៉ះពារគ្នាជាញឹកញាប់ ។ ពួកគាត់បន្តទៀតថា មិនត្រឹមតែដឹកធ្ងន់នោះទេ រថយន្តក្រុមហ៊ុនដឹកទំនិញឱ្យឈ្មួញរកស៊ី​នៅក្នុងក្រុងប៉ៃលិនទាំងនេះ បើកបរគ្មានសំចៃឡើយ ក្នុងល្បឿនលឿន ទោះបីជាផ្លូវខាងលើតូចចង្អៀតក៏មិនគិតពីសុវត្ថិភាពប្រជាពលរដ្ឋរស់នៅតាមភូមិដែរ ។ ពួកគាត់បញ្ជាក់ថា បើសិនជារថយន្តទាំងនោះនៅតែ បន្តដឹកទំនិញរាប់តោនចូលមកក្នុងក្រុងបែបនេះ ទោះបីជាអាជ្ញាធរខិតខំជួសជុល ឬធ្វើផ្លូវក្រាលកៅស៊ូថ្មីៗ ចំណាយអស់ថវិកាជាតិរាប់លានរៀល ក៏មិនអាចប្រើប្រាស់ផ្លូវនោះបានយូរអង្វែងដែរ គឺខូចខាតអស់ទៅវិញយ៉ាងឆាប់រហ័ស ដោយសារតែក្រុមឈ្មួញមួយក្តាប់តូច ជាអ្នកបំផ្លិចបំផ្លាញ ។ 

ពួកគាត់សំណូមពរឱ្យអាជ្ញាធរក្រុង ក៏ដូចជាសមត្ថកិច្ចនគរបាល យកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យរថយន្តខ្នាតយក្សបើកបរ​នៅកន្លែងផ្លូវខាងលើនេះផង ខណ:ពីមុនពួកគាត់ឃើញនគរ បាលដាក់ប៉ុស្តិ៍ ចាំយាមនៅត្រង់ដើមផ្លូវចូលចំណុចខាងលើនេះដែរ តែក្រោយមកក៏ឃើញដកចេញអស់ ដោយមិនដឹងមូលហេតុអ្វីនោះទេ ។ 

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងបានទូរស័ព្ទទៅលោក គិត ធីរ៉ា ស្នងការរងទទួលបន្ទុកចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយលោកប្រាប់ថា គេមានច្បាប់ទម្លាប់ត្រឹមត្រូវពីអាជ្ញាធរក្រុងអស់ហើយ ។ លោកបន្តទៀតថា តាមច្បាប់ គឺមិនអនុញ្ញាតឱ្យរថយន្តខ្នាតយក្ស ដឹកទំនិញចូលក្នុងក្រុងនោះទេ បើចង់ចូល ត្រូវតែផ្ទេរទំនិញដាក់ក្នុងរថយន្តតូចៗ ទើបអាចឱ្យបើកចូលក្នុងក្រុងបាន ។ 

ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ រដ្ឋបាលក្រុងមិនដែលអនុញ្ញាតឱ្យរថយន្តណាមួយបើកបរដឹកទំនិញចូលក្នុងក្រុងឡើយ ជាពិសេសរថយន្តដឹកទំនិញ​ដឹកដែក ស៊ីម៉ង់តិ៍ និងខ្សាច់ជាដើម ។ លោកបន្តទៀតថា តែបើឃើញមានរថយន្តទាំងនោះបើកបរដឹកទំនិញ លើសទម្ងន់ចូលក្នុងក្រុងមែន ខាងលោកមិនទាន់ដឹងនោះទេ ចាំចាត់ឱ្យមន្រ្តីក្រោមឱវាទចុះពិនិត្យមើល ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img