29 C
Phnom Penh
Monday, December 9, 2024

ផ្ទះចំនួន២៥០ខ្នង ជាព្រះរាជអំណោយរបស់ហ្លួងម៉ែ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង បានប្រគល់ជូនអតីតយុទ្ធជនជំហាន២

ស្តាប់អត្ថបទជាសម្លេង

ពោធិសាត់៖ ផ្ទះចំនួន២៥០ខ្នងទៀត នៅភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សាងសង់រួចរាល់ជាស្ថាពរ ហើយបានធ្វើពិធីប្រគល់ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងពិការភាពជំហាន២ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជមកម្ពុជាខេត្តពោធិសាត់ បានជម្រាបជូនថា ការប្រគល់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារនៅភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹងនេះ គឺជាលើកទី០២ហើយ  ដែលលើកទី០១កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ចំនួន៥០ខ្នង និងលើកទី០២នេះចំនួន២៥០ខ្នង នៅសល់តែ៣២៨ខ្នងទៀតប៉ុណ្ណោះ គ្រប់ចំនួន៦២៨ខ្នងហើយ។ លោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្ដល់ដីសម្បទានសង្គមកិច្ច ព្រមទាំងបានសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនថែមទៀត ជាការដឹងគុណដ៏ថ្លៃថ្លាប្រកបដោយវីរៈភាព របស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិកន្លងមកនេះ។ 

ផ្ទះនីមួយៗមានទំហំ០៥មគុណនឹង០៧ម គ្រឿងបង្គុំធ្វើអំពីដែក សរសរចាក់ស៊ីម៉ងត៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះ០៣ម សម្រាប់ផ្ទះបាយ បង្គន់អនាម័យ០១ បំពាក់សូឡាមួយឈុត អំពូលភ្លើងចំនួន០៤ ឆ្នាំងដាំបាយអគ្គីសនី០១ អណ្ដូងទឹក០១សម្រាប់០២ខ្នងផ្ទះ ផ្ទៃដី៧០មគុណនឹង១៥០ម មានរបង និងដាំដំណាំឈើហូបផ្លែចំនួន៦០ដើម តបណ្ដាញអគ្គីសនីចូលក្នុងផ្ទះ ព្រមទាំងស្ថាបនាផ្លូវលំជូនផងដែរ។ មិនតែប៉ុណ្ណោះ ដោយការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការការពារជំងឺកូវីដ១៩ បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារក្នុងខេត្តពោធិសាត់ បានទទួលការចាក់វ៉ាក់សាំង ពីដូសទី០១ដល់ដូសទី០៣ទាំងអស់ហើយ។  

លោកស្រី ម៉ែន នារីសោភ័គ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនីនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែនឹកគិតគ្រប់ពេលវេលាចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេស។ 

ផ្ទះជំហាន០២ចំនួន២៥០ខ្នងដែលកាកបាទក្រហមធ្វើពិធីប្រគល់ជូនបងប្អូនថ្ងៃនេះ ក្នងនោះ១០ខ្នងជាព្រះរាជអំណោយដ៍ថ្ងៃថ្លារបស់ហ្លួងម៉ែ នរោត្តម មុនីនាថសីហនុ។ ក្នុងនាមស្ថាប័នមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចូលរួមរែកពុនសម្រាលនូវបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជីវភាពរបស់បងប្អូនអតីតយុទ្ធជន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបំផុសនូវចលនា ឲ្យមានការចូលរួមពីសប្បុរសជនគ្រប់ទិសទីទាំងអស់ ដើម្បីបានជាថវិការកសាងផ្ទះទាំង៦២៨ខ្នងសម្រាប់អតីតយុទ្ធជនទាំង៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះ។ 

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដាំផ្ញើថា រដូវនេះជារដូវភ្លៀងធ្លាក់ ដូច្នេះបងប្អូនដែលបានមករស់នៅ ឬបងប្អូនដែលមានដីហើយមិនទាន់បានសង់ផ្ទះជូន ត្រូវនាំគ្នាដាំដុះលើដីរបស់ខ្លួនដើម្បីកុំឱ្យខាតពេល ព្រោះយើងពឹងលើទឹកអណ្ដូងវាមិនគ្រប់គ្រាន់នោះទេ។

ក្នុងឱកាសឡើងគេហដ្ឋានថ្មី លើទឹកដីថ្មីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពូជាបានបំពាក់សម្ភារៈប្រើប្រាស់គ្រប់សព្វទាំងអស់ដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងបានផ្ដល់ជូនបន្ថែមនូវគ្រឿងឧបភោគបរិភោគ សម្ភារផ្ទះបាយ សម្ភារកសិកម្ម សម្ភារបន្ទប់គេង សម្ភារអនាម័យ ថវិការ១០ម៉ឺនរៀល និងសម្ភារប្រើប្រាស់ជាច្រើនទៀត សរុប៣០មុខ។ ដោយឡែកលោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានឧបត្ថម្ភអង្កររៀងរាល់ខែ ក្នុង០១គ្រួសារ៥០គីឡូក្រាម រហូតដល់ដំណាច់ឆ្នាំ២០២១ ផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img