ស្តាប់អត្ថបទជាសម្លេង
កំពត៖ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា ជាទូទៅស្ថានភាពកូវីដ-១៩នៅក្នុងខេត្តកំពត មានលក្ខណៈល្អប្រសើរ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងហាក់មានការកើនឡើងបន្តិច ដោយសារមានករណីឆ្លងនៅក្នុងរោងចក្រ ឃីមីហ្គាមេន (ខេមបូឌា) ខូអិលធីឌី។ រហូតមកដល់ពេលនេះ មន្ត្រីជំនាញអះអាងថាអាចគ្រប់គ្រងស្ថានការបានជាង ៨០ភាគរយហើយ។
លោក ហេង ចាន់ថា ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ថា រយៈពេល៣-៤ថ្ងៃចុងក្រោយនេះ ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពត ហាក់កម្រើកមកវិញបន្តិច បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះបានថយចុះស្ទើរអស់។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៅថ្ងៃទី១៤ ខែកញ្ញា សរុបអ្នកឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងខេត្តកំពតមានចំនួន៤.០៨០នាក់ កំពុងព្យាបាល៣២០នាក់ ជាសះស្បើយ៣.៦៨៨នាក់ និងស្លាប់៧២នាក់ ក្នុងនោះករណីឆ្លងថ្មីមានចំនួន២៨នាក់។
លោក ហេង ចាន់ថា បានបញ្ជាក់ថា ការកម្រើកវិញនៃការឆ្លងជំងឺកូវីដ-១៩នេះ ដោយសារមានករណីឆ្លងកើតឡើងនៅក្នុងអគារទី២ របស់រោងចក្រ ឃីមីហ្គាមេន (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ហើយមមន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការបិទខ្ទប់អាគារនោះបន្ទាន់ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី0៦ ខែកញ្ញា មកម្ល៉េះ ដើម្បីពិនិត្យអ្នកពាក់ព័ន្ធ។ រហូតមកដល់ពេលនេះ មន្ត្រីជំនាញបានសន្និដ្ឋានថា ស្ថានភាពឆ្លងក្នុងអាគាររោងចក្រ និងក្រុមគ្រួសារប៉ះពាល់ផ្ទាល់ និងប្រយោល អាចគ្រប់គ្រង់បានប្រមាណជាង៨០ភាគរយហើយ។
ជាមួយគ្នានេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ឹង ប៉ោហេង បានឱ្យដឹងដែរថា រោងចក្រនេះ មានកម្មករ សរុបចំនួន២.០៩៥នាក់ ស្រី១.៧៦៧នាក់។ ក្រោយពិនិត្យសំណាកនៅអាគាទី២ ដែលមានកម្មករសរុប៦០០នាក់ (ស្រី ៥៥០នាក់) ហើយរកឃើញអ្នកវិជ្ជមានចំនួន៥១នាក់ (ស្រី៤៩នាក់) ហើយអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ បានសម្រេចផ្អាកដំណើរការរោងចក្ររយៈពេល១៤ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុនធ្វើតេស្តលើកម្មករទាំងអស់ ប្រសិនបើសិនលទ្ធផលតេស្តវិជ្ជមាន ក្រុមហ៊ុននឹងបញ្ជូនទៅសម្រាកព្យាបាល។ ចំណែកអ្នកអវិជ្ជមាន ក្រុមហ៊ុន នឹងឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងខ្លួនចំនួន១៤ថ្ងៃ ទើបអនុញ្ញាតឱ្យចូលធ្វើការធម្មតាវិញ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News