26 C
Phnom Penh
Saturday, July 27, 2024

ផែនទីចង្អុលផ្លូវឆ្នាំ២០២២-២០២៥ នឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្មកម្ពុជា

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ នឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការជំរុញ ការប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា និងជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ។

នេះជាការលើកឡើងពីលោកបណ្ឌិតសភាចារ្យ ជូ វិជិត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំលើកទី១ នៃ (គ.ជ.ស.ព) ដោយមានការចូលរួមពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១១ខែតុលា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។

លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព) ធ្វើឡើងដើម្បីអនុម័តការងារចាំបាច់មួយចំនួននៃគ.ជ.ស.ព និងសេចក្តីព្រាងផែនទីចង្អុលផ្លូវ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥ ព្រមទាំងបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម ស្ថានភាពអនុវត្ត កិច្ចសម្រួលពាណិជ្ជកម្មជាមួយអង្គការពាណិជ្ជកម្មពិភពលោក ជំនួយនិងគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍លើកិច្ចសម្រួលពាណិជ្ជកម្ម។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា២៣.២ នៃកិច្ចព្រមព្រៀង WTO-TFA តម្រូវឱ្យសមាជិកនីមួយៗនៃអង្គការពាណិជ្ជកម្មពិភពលោកបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម ឬបង្កើតយន្តការជាក់លាក់ ក្នុងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ក៏ដូចជា ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីសម្រួលដល់ការអនុវត្តបញ្ញត្តិកិច្ចព្រមព្រៀងកិច្ច សម្រួលពាណិជ្ជកម្ម ឱ្យបានរលូននិងប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា ផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២២-២០២៥ ត្រូវបានរៀបចំឡើង ជាប្រទីបបង្ហាញផ្លូវដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសសមាជិកនៃគណៈកម្មាធិការជាតិ កិច្ចសម្រួលពាណិជ្ជកម្ម និងលេខាធិការដ្ឋាន ក្នុងគោលដៅធានាឱ្យការអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលលើការអនុវត្តគោលនយោបាយ និងវិធានកិច្ចសម្រួលពាណិជ្ជកម្មផ្សេងទៀត របស់រាជរដ្ឋាភិបាល ជាពិសេសលើវិស័យដឹកជញ្ចូននិងភស្តូភារកម្ម៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img