26 C
Phnom Penh
Saturday, July 27, 2024

ប្លន់២ករណីនៅខណ្ឌពោធិ៍សែនជ័យកាលពីយប់មិញ បង្ហាញឱ្យឃើញថា សមត្ថកិច្ចខ្សោយជាងចោរ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះករណីប្លន់, លួច, ឆក់ហាក់ដូចជាកក្រើកឡើងវិញនៅក្នុងរាជធានីភ្នំពេញជាពិសេសនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។ ពួកចោរអាចនិយាយថា មានសមត្ថភាពខ្ពស់ជាងសមត្ថកិច្ច ឬអាចនិយាយថា សមត្ថកិច្ចនអន់ជាងចោរ បានជាចោរធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ ឬទីកន្លែងណាដែលពួកគេដឹងថា សមត្ថកិច្ចខ្សោយ។ ជាក់ស្ដែងនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ចោរលួច ចោរឆក់ ចោរប្លន់…. ចោរអំបុក ចោរអំបែង ច្រើនជាងគេ ក៏ព្រោះតែសមត្ថកិច្ចនៃយើងខ្សោយពេក។

គ្រាន់តែនៅយប់ថ្ងៃទី០៨ ឆ្លងចូលទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ តាមអ្វីដែលប្រជាពលរដ្ឋដឹងមានករណីចោរប្លន់៣ករណីកើតឡើង។ នៅមានករណីចោរអំបុក ចោរបំបែងចោរ គាស់ផ្ទះ ចោរគាស់កុដិលោក…. សុទ្ធតែចោរព្រោងព្រាត ដែលសមត្ថកិច្ច ឬប្រជាពលរដ្ឋមិនដឹងនោះ។ រីឯសមត្ថ
កិច្ចដ៏ឧត្តុងឧត្តម នៃប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យ ត្រូវគេរាយការណ៍ថា បានចំណាយពេលភាគច្រើននៅក្នុងម៉ាតម៉ាស៊ីនត្រជាក់ ឬនៅហាងផឹកស៊ីជាដើម។

ករណីជាក់ស្ដែងមួយ គឺនារីវ័យក្មេង២នាក់ ឈប់ម៉ូតូរង់ចាំមិត្តភក្ដិ ត្រូវបានជនសង្ស័យ២នាក់ (ចោរ) ជិះម៉ូតូមកធ្វើសកម្មភាពវាយប្លន់យកម៉ូតូទៅបាត់ហើយ គេចខ្លួនដោយសុវត្តិភាពបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចមុខបុរី ប៊ុន ហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡើងទើបជនរងគ្រោះដាក់ពាក្យបណ្តឹង។

ជនរងគ្រោះឈ្មោះស្រី នីត ភេទស្រីអាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ ស្រីពៅ។ ចំណែកម៉ូតូដែលជន សង្ស័យវាយប្លន់ទៅនោះ ម៉ាកហុងដា Beat ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IT 4527។

តាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមកឈប់ចាំមិត្តភក្ដិនៅមុខបុរី ប៊ុន ហួ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំស្លាកលេខមកធ្វើសកម្មភាពវាយប្លន់យកម៉ូតូជិះហើយគេចខ្លួនបាត់។

ភ្លាមៗនោះគាត់បានស្រែកឲ្យគេជួយដែរតែជនសង្ស័យជិះចេញទៅបាត់ទៅ។ ក្រោយកើតហេតុដោយ សារ តែយប់ជ្រៅមិនដឹងថា ទៅដាក់ពាក្យបណ្តឹងនៅទីណា និងមិនស្គាល់ប៉ុស្តិ៍ទើបរង់ចាំព្រឹកទើបមកដាក់ពាក្យបណ្តឹង ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច។

សូមបញ្ជាក់ផងដែរថា នៅយប់កើតហេតុនៅចំណុចផ្លូវជាតិលេខ៣ ជិតច្រកចូលវត្តព្រៃស្ពឺក៏មានក្រុមជន សង្ស័យវាយប្លន់ម៉ូតូពីជនរងគ្រោះមួយករណីទៀតដែរតែមិនបានសម្រេច។

យើងសង្កេតឃើញថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបទល្មើស លួច ឆក់ ប្លន់ កំពុងកើនឡើងជារៀង រាល់ថ្ងៃធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ។ យ៉ាងណាក៏ដោយអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនបានបង្ហាញការតាំងចិត្តណាមួយដើម្បីបន្ថយសេចក្តីព្រួយ បារម្ភរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះឡើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img