30 C
Phnom Penh
Saturday, July 27, 2024

ប្រេស៊ីល ចេញបញ្ជាចាប់ខ្លួនមន្ត្រីកំពូលៗ បន្ទាប់ពីផ្ទុះកុបកម្ម

អាជ្ញាធរយុត្តិធម៌របស់ប្រទេសប្រេស៊ីល បានបញ្ជាឲ្យចាប់ខ្លួនមន្ត្រីរដ្ឋការកំពូលៗ បន្ទាប់ពីកុបករ សម្រុកចូលអគាររដ្ឋាភិបាលសំខាន់ៗក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ត្រីម្នាក់ដែលត្រូវបានចាប់ខ្លួន រួចទៅហើយនោះ គឺជាអតីតមេបញ្ជាការប៉ូលិស។

យោងតាមការិយាល័យមេធាវី, មន្ត្រីទាំងនោះ ក៏រាប់បញ្ចូលទាំងអតីតប្រធានសន្តិសុខរដ្ឋរបស់ទីក្រុង ប្រាស៊ីលីយ៉ា លោក Anderson Torres និងអ្នកផ្សេងទៀតផងដែរ ដែលទទួលខុសត្រូវចំពោះទង្វើ ដែលឈានទៅរកការផ្ទុះកុបកម្ម។

លោក Anderson Torres
ទោះបីជាយ៉ាងណាក៏ដោយ លោក Torres បានបដិសេធតួនាទីណាមួយនៅក្នុងកុបកម្មនេះ។

មេបញ្ជាការប៉ូលិស វរសេនីយ៍ឯក Fábio Augusto ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីអ្នកគាំទ្រអតីតប្រធានាធិបតី Jair Bolsonaro សម្រុកចូលសភា វិមានប្រធានាធិបតី និងតុលាការកំពូល។

គួរបញ្ជាក់ជាថ្មី កុបកម្មបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី Luiz Inácio Lula da Silva ស្បថចូលកាន់តំណែង។

ក្នុងទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​បាតុករ​រាប់​ពាន់​នាក់ ដែល​ខ្លះ​ពាក់​អាវ​កីឡា​បាល់ទាត់​ប្រេស៊ីល​ពណ៌​លឿង និង​គ្រវី​ទង់​ជាតិ បាននាំគ្នាវាយ​ប៉ូលិស និង​ទម្លុះរបាំង សម្រុកចូលអគាររដ្ឋ។

ក្រុមមន្ត្រីនិយាយថា ក្នុងចំណោមមនុស្សប្រហែល១៥០០នាក់ដែលត្រូវបានចាប់ខ្លួន និងនាំយកទៅស្ថានីយប៉ូលិសបន្ទាប់ពីកុបកម្មនោះ គឺមានជិត៦០០នាក់ ត្រូវបាននាំយកទៅកន្លែងផ្សេងទៀត ដែលមន្ត្រីប៉ូលិសមានពេលប្រាំថ្ងៃដើម្បីចោទប្រកាន់ពួកគេជាផ្លូវការ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img