រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក
Dong Jun បានជួបប្រជុំដោយផ្ទាល់ជាលើកដំបូង នៅក្រៅសន្និសីទកំពូល Shangri-La Dialogue នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី៣១ ខែឧសភា។ មន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាចម្រូងចម្រាសនានា រួមទាំងភាពតានតឹងដែលកំពុងកើនឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ការប្រឈមមុខដាក់គ្នារវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូង ក៏ដូចជាជម្លោះសាកលធំៗមួយចំនួន ដូចជា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា។អំឡុងកិច្ចប្រជុំរយៈពេល ៧៥នាទី លោក Austin និងលោក Dong បានលើកឡើងពីសារៈសំខាន់នៃការបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហរវាងយោធាប្រទេសទាំងពីរ ហើយបន្តខ្សែទំនាក់ទំនងទាន់ហេតុការណ៍ រវាងមេបញ្ជាការនៅសមរភូមិរវាងភាគីទាំងសងខាង នៅប៉ុន្មានខែខាងមុខ។ លោក Austin បានអះអាងជាថ្មីនូវកង្វល់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីសមយុទ្ធយោធា រយៈពេល២ថ្ងៃ ឡោមព័ន្ធតៃវ៉ាន់ ហើយជំរុញកុំឱ្យចិនប្រើប្រាស់ការផ្លាស់ប្តូរនយោបាយរបស់តៃវ៉ាន់ ដែលលោកហៅថា ជាផ្នែកដំណើរការប្រជាធិបតេយ្យធម្មតាមួយ។ លោក Austin បានថ្លែងថា អាមេរិកនឹងបន្ត «ហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការ» នៅទីណាក៏ដោយឱ្យតែច្បាប់អន្តរជាតិអនុញ្ញាត ដោយសុវត្ថិភាព និងការទទួលខុសត្រូវ ដោយសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការគោរពសេរីភាព ពិសេសនៅសមុទ្រចិនខាងត្បូង។អំឡុងពេលប្រជុំ លោក Dong បានថ្លែងថាហ្វីលីពីនមិនបានគោរពពាក្យសន្យា ដោយសារតែមានការគាំទ្រពី «កម្លាំងខាងក្រៅ»ហើយបន្តបង្ករឿងនៅតំបន់ថ្មប៉ប្រះទឹកSecond Thomas Shoal នៅសមុទ្រចិនខាងត្បូង ដែលទាំងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងម៉ានីល មើលឃើញថាជាទឹកដីរបស់ខ្លួន។ លោករដ្ឋមន្ត្រីការពារជាតិចិន ក៏បានរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ពីការពង្រាយប្រព័ន្ធមីស៊ីលខ្នាតមធ្យមទៅឱ្យហ្វីលីពីន «ដោយសម្ងាត់តាមរយៈសមយុទ្ធយោធា» ដោយចិនព្រមានថា ចំណាត់ការនេះ បង្កជាការគំរាមកំហែងពិតប្រាកដដល់សន្តិសុខតំបន់។ ក្រសួងការបរទេសចិន បានថ្លែងថា ភាគីទាំងពីរនឹងមានប្រឹក្សាជាបន្តបន្ទាប់ អំពីការផ្លាស់ប្តូរទស្សនៈនាពេលអនាគត រវាងយោធាទាំងពីរជាមួយការចូលរួម រវាងបណ្ឌិតសភាយោធាទាំងពីរ ហើយកិច្ចចរចាគោលនយោបាយទ្វេភាគីអាចនឹងជាចំណុចចាប់ផ្តើម។ ប៉ុន្តែជាមួយនឹងភាពតានតឹង ដែលកំពុងកើនឡើងនៅផ្នែកជាច្រើននៅអាស៊ី រួមទាំងច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ អ្នកវិភាគមួយចំនួនថ្លែងថា កិច្ចចរចាកាលពីថ្ងៃទី៣១ ខែឧសភា រវាងលោកAustin និងលោក Dong នឹងកាន់តែសំខាន់សម្រាប់តំបន់ ពិសេសនៅពេលមានជម្លោះយោធាពីរកំពុងកើតមានឡើងនៅលើពិភពលោក៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New