30 C
Phnom Penh
Saturday, July 27, 2024

ប្រភេទពូជដំណាំរបស់កម្ពុជាផ្ដើមចុះបញ្ជី និងបញ្ជាក់គុណភាពឱ្យស្របទៅតាមនីតិវិធី

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ផ្អែកតាមច្បាប់ស្តីពី “ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ” បណ្តាក្រុមហ៊ុន និងអ្នកពាក់ព័ន្ធដែលកំពុងធ្វើអាជីវកម្ម និងចរាចរពូជដំណាំគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមកធ្វើការចុះបញ្ជីដើម្បីទទួលបានការបញ្ជាក់អំពីគុណភាពល្អ ប្រភេទពូជ លក្ខខណ្ឌដាំដុះ និងការថែរក្សាមុនធ្វើការចរាចរលើទីផ្សារ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ព្រមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជំរុញការផ្សព្វផ្សាយច្បាប់ឲ្យកាន់តែយល់ដឹងបន្ថែមទៀតដល់បណ្តាម្ចាស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធវិស័យពូជដំណាំ អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញអំពីនីតិវិធីដូចខាងក្រោម៖

ជំហានទី១៖ ការដាក់ពាក្យស្នើសុំពូជដំណាំពោតគ្រប់ប្រភេទដែលអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មគ្រប់រូបភាពបានត្រូវចុះបញ្ជីជាប្រភេទពូជដំណាំចុះបញ្ជីជាតិ។ បណ្តាក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធក្នុងវិស័យពូជដំណាំដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនូវប្រភេទពូជដំណាំដែលមានស្រាប់ ឬពូជដំណាំនាំចូលរបស់ខ្លួននៅអគ្គនាយកដ្ឋានកសិកម្ម។ អ្នកស្នើសុំមានកាតព្វកិច្ចផ្តល់ទិន្នន័យ និងព័ត៌មានពេញលេញ គ្រប់គ្រាន់ ត្រឹមត្រូវ និងត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់លើសេចក្តីបញ្ជាក់អះអាងរបស់ខ្លួន ដូចបានចែងក្នុងប្រកាសលេខ ៣៧៥ ប្រក.កសក ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

ជំហានទី២៖ ការត្រួតពិនិត្យពាក្យស្នើសុំនាយកដ្ឋានពូជដំណាំ មានសមត្ថកិច្ចត្រួតពិនិត្យសំណុំឯកសារស្នើសុំការចុះបញ្ជី និងបញ្ជាក់គុណភាពប្រភេទពូជដំណាំផ្អែកលើភាពគ្រប់គ្រាន់ និងភាពត្រឹមត្រូវនៃសំណុំឯកសារ។ ក្នុងករណីពិនិត្យឃើញថាសំណុំឯកសារនៃពាក្យស្នើសុំបំពេញបានត្រឹមត្រូវ និងមានភ្ជាប់មកជាមួយប័ណ្ណចំណូលកម្រៃ សេវាកម្មសម្រាប់ការចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំ មន្រ្តីជំនាញនឹងដំណើរការវាយតម្លៃពូជពោតស្នើសុំចុះបញ្ជី និងបញ្ជាក់គុណភាព តាមរយៈការធ្វើពិសោធន៍ និងវិភាគនៅមន្ទីរពិសោធន៍ ផ្ទុយទៅវិញក្នុងករណីពិនិត្យឃើញថាឯកសារមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវសំណុំឯកសារនោះត្រូវបង្វែរឱ្យអ្នកស្នើសុំវិញ។

ជំហានទី៣៖ ការពិសោធន៍វាយតម្លៃសម្តែងកម្មពូជពោតស្នើសុំចុះបញ្ជី និងវិភាគគុណភាពពូជពោតនៅមន្ទីពិសោធន៍នៅក្នុងដំណើរការពិនិត្យ និងវាយតម្លៃការចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំពោត នាយកដ្ឋានពូជដំណាំរៀបចំពិសោធន៍វាយតម្លៃសម្តែងកម្មពូជពោតស្នើសុំចុះបញ្ជីនៅទីវាល ហើយអ្នកស្នើសុំទទួលខុសត្រូវរាល់ការចំណាយក្នុងការរៀបចំពិសោធន៍។ បន្ថែមពីលើនេះ សំណាកពូជពោតត្រូវបានវិភាគនៅមន្ទីរពិសោធន៍ជាតិកសិកម្ម លើអត្រាភាពសុទ្ធ អត្រាដំណុះគ្រាប់ និងភាគរយសំណើម ស្របតាមស្តង់ដារជាតិពូជដំណាំ។ មន្ទីរពិសោធន៍ជាតិនឹងរៀបចំរបាយការណ៍លទ្ធផលនៃការវិភាគគុណភាពជូនមកនាយកដ្ឋានពូជដំណាំ ដើម្បីនាយកដ្ឋានធ្វើ សំយោគរបាយការណ៍វិភាគ និងបញ្ជួនសំណុំឯកសារជូនអគ្គនាយកដ្ឋានកសិកម្មពិនិត្យ និងសម្រេចចុងក្រោយ។

ជំហានទី៤៖ ការផ្តល់វិញ្ញាបនបត្រចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំពោតអគ្គនាយកដ្ឋានកសិកម្មនឹងចេញវិញ្ញាបនបត្រចុះបញ្ជីប្រភេទពូជដំណាំ ក្នុងករណីសំណុំឯកសារពាក្យស្នើសុំ លទ្ធផលនៃការពិសោធន៍វាយតម្លៃនៅទីវាល និងក្នុងមន្ទីរពិសោធន៍ បានបំពេញលក្ខខណ្ឌ និងស្របតាមស្តង់ដារគុណភាពពូជពោត។ វិញ្ញាបនបត្រនេះមានសុពលភាពរយៈពេល៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញវិញ្ញាបនបត្រ។ ចំពោះវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ អគ្គនាយកដ្ឋានកសិកម្មនឹងចេញវិញ្ញាបនបត្រជូនអ្នកស្នើសុំ ក្នុងករណីសំណុំឯកសារពាក្យស្នើសុំ និងលទ្ធផលនៃការវិភាគគុណភាពគ្រាប់ពូជបានបំពេញលក្ខខណ្ឌ និងស្របតាមស្តង់ ដារជាតិនៃពូជដំណាំពោត។ វិញ្ញាបនបត្របញ្ជាក់គុណភាពនេះមានសុពលភាពរយៈពេល១ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទចេញវិញ្ញបនបត្រ។

សូមបញ្ជាក់ថា ដំណាំពោតគឺជាប្រភេទដំណាំអាទិភាពទី៣ បន្ទាប់ពីដំណាំស្រូវ និងដំឡូងមី ដែលបានចូលរួមចំណែកយ៉ាងសំខាន់បម្រើឲ្យវិស័យផលិតកម្មចំណីសត្វ និងមនុស្ស និងជាពិសេសជាដំណាំសេដ្ឋកិច្ចរបស់បងប្អូនប្រជាកសិករដែលរស់នៅតាមដីសណ្តរទន្លេមេគង្គ និងនៅជុំវិញបឹងទន្លេ សាប៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img